ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក់កណ្តាល​ឆ្នាំ​! ចិន​ចាយ​ជិត ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​ទុរេន​ពី​វៀតណាម

1 ថ្ងៃ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​នាំ​ចេញ​ផ្លែ​ទុរេន​ទៅ​កាន់​ប្រទេស​ចិន រក​ចំណូល​បាន​ជិត ៩៨៨ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២៦ ដែល​ជា​ការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express (VnExpress) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦​។

យោង​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់ ២,០៤ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​បន្លែ និង​ផ្លែ​ឈើ​ពី​ប្រទេស​វៀតណាម នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ ដែល​កើនឡើង​ជិត ២៥% ហើយ​នៅ​ក្នុង​នោះ ទុរេន​បាន​រួមចំណែក​រហូត​ដល់ ៩៨៨ លាន​ដុល្លារ ពោល​គឺ​កើនឡើង ៤៣,៤% ឬ​ស្មើនឹង ៤៨,៤៥% នៃ​តម្លៃ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​សរុប​។

និន្នាការ​កើនឡើង​នៃ​តម្លៃ​ផ្លែ​ទុរេន​អាច​នឹង​បន្ត​ទៅ​មុខ​ទៀត ខណៈ​ការ​ផ្គត់ផ្គង់​កាន់តែ​មាន​ភាព​សម្បូរ​បែប​។ យោង​តាម​លោក​អគ្គលេខាធិការ នៃ​សមាគម​បន្លែ ផ្លែ​ឈើ​វៀតណាម បានឱ្យ​ដឹង​ថា តំបន់​ខ្ពង់រាប​កណ្តាល ដែល​ជា​តំបន់​ដាំ​ដុះ​ទុរេន​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ទើបតែ​បាន​ចាប់ផ្តើម​រដូវ​កាល​ប្រមូល​ផល​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន​។ ដូច្នេះ​បើ​ល្បឿន​បច្ចុប្បន្ន​នៅ​តែ​បន្ត​រក្សា​បាន​នោះ ការ​នាំ​ចេញ​ទុរេន​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០២៦​នឹង​កើនឡើង​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

បច្ចុប្បន្ន​ទុរេន​វៀតណាម ក៏​កំពុង​ស្វែងរក​ឱកាស​បន្ថែម​ទៀត ដើម្បី​ពង្រីក​ខ្លួន​ទៅ​ក្រៅពី​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ​។ កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទុរេន​ស្រស់​ពី​វៀតណាម ដែល​នេះ​បាន​បើកផ្លូវ​ទៅ​កាន់​ទីផ្សារ​១​ផ្សេង​ទៀត ដែល​មាន​ប្រជាជន​ច្រើន​ជាង​គរ​នៅ​លើ​ពិភពលោក ពោល​ជាង ១,៤ ពាន់​លាន​នាក់​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​បាន​អះអាង​ថា ចំនួន​ប្រជាជន​ច្រើន​មិន​ប្រាកដ​ថា​ទុរេន​នឹង​លក់ដាច់​ខ្លាំង​ភ្លាម​ៗ​នោះ​ទេ ដោយសារ​តែ​ទុរេន​នៅ​តែ​ប្លែក​សម្រាប់​អ្នក​ទទួល​ឥណ្ឌា​ភាគច្រើន ខណៈ​ដែល​ពន្ធ​នាំ​ចូល ទម្លាប់​នៃ​ការ​ទទួលទាន និង​ប្រព័ន្ធ​ចែកចាយ សុទ្ធតែ​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​៕