ទីក្រុងហាណូយ ៖ ប្រទេសវៀតណាមបានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនឹងនាវាមុជទឹកផលិតក្នុងស្រុកដ៏ធំបំផុត និងទំនើបបំផុតរបស់ខ្លួន។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយស្រង់ប្រភពពីកាសែតយោធាវៀតណាម។
យោងតាមកាសែតយោធាវៀតណាម Quan Doi Nhan Dan បានចុះផ្សាយកាលពីល្ងាចថ្ងៃច័ន្ទថា នាវានេះ កំពុងត្រូវបានសាងសង់នៅរោងចក្រផលិតនាវា Song Thu Shipyard របស់ក្រសួងការពារជាតិ ស្ថិតនៅក្នុងទីក្រុងដាណាំង (Da Nang) ហើយអាវុធ និងគ្រឿងបរិក្ខារយោធាភាគច្រើនបំពាក់នៅលើនាវានេះ នឹងត្រូវអភិវឌ្ឍ ឬដំឡើងក្នុងស្រុកផ្ទាល់តែម្តង។
ប្រទេសវៀតណាម ដែលបានធ្លាក់ចូលទៅក្នុងជម្លោះដែនសមុទ្រជាយូរមកហើយជាមួយប្រទេសចិន និងភាគីទាមទារដទៃទៀតនៅសមុទ្រចិនខាងត្បូង បាននិងកំពុងស្វែងរកការពង្រីកសមត្ថភាពផលិតកម្មការពារជាតិក្នុងស្រុករបស់ខ្លួន ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលអាវុធ និងគ្រឿងបរិក្ខារយោធា ដែលភាគច្រើនទិញពីប្រទេសរុស្ស៊ី។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាគ្រប់គ្រងដោយយោធា Viettel រួមជាមួយអង្គភាពស្រាវជ្រាវ និងផលិតកម្មការពារជាតិដទៃទៀត នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងទឹក និងក្រុមហ៊ុន Song Thu នៅអំឡុងពេលសាងសង់នាវាដ៏ទំនើបនេះ រួមទាំងការអភិវឌ្ឍ និងការដំឡើងអាវុធ ក៏ដូចជាឧបករណ៍ផ្សេងៗផងដែរ។
កងទ័ពជើងទឹកវៀតណាមបានឆ្លងកាត់ការជំរុញទំនើបកម្មដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាមួយការទិញនាវាមុជទឹកថ្នាក់ Kilo និងនាវាចម្បាំងធុនតូចថ្នាក់ Gepard ដែលផលិតដោយរុស្ស៊ី រួមផ្សំជាមួយការបង្កើនចំនួននាវាផ្ទុកមីស៊ីល និងនាវាល្បាតដែលផលិតនៅក្នុងស្រុកផងដែរ។ ដ្បិតប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិ (Vietnam International Defence Expo) នៅទីក្រុងហាណូយ នៅខែធ្នូ ដែលជាការរៀបចំលើកទី ៣ សម្រាប់ព្រឹត្តិការណ៍រយៈពេល២ឆ្នាំម្តងមួយនេះ ខណៈពេលដែលប្រទេសនេះ កំពុងស្វែងរកការជំរុញផលិតកម្មការពារជាតិក្នុងស្រុក និងធ្វើពិពិធកម្មប្រភពឧបករណ៍យោធា៕


ចែករំលែកព័តមាននេះ