ប្រទេសកូឡុំប៊ី ៖ មនុស្សជាង ១០០ នាក់បានបាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែសីហា បណ្តាលឱ្យអគារជាច្រើនឱ្យដួលរលំ ខូចខាតមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងជាច្រើន ព្រមទាំងបានកប់មនុស្សជាច្រើននាក់នៅក្រោមគំនរបាក់បែក ដែលអាជ្ញាធរបានហៅថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតប្រចាំសតវត្សរ៍របស់ប្រទេសមួយនេះ។
គ្រោះរញ្ជួយដីនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Abelardo De La Espriella បានស្បថចូលកាន់តំណែងជាប្រធានាធិបតី ដែលបានរុញច្រានរដ្ឋាភិបាលថ្មីនេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិធំដំបូងបង្អស់របស់ខ្លួន។ លោកបានថ្លែងក្នុងសុន្ទរកថាជាតិមួយនៅម៉ោងប្រហែល១រសៀល (ម៉ោងក្នុងស្រុក) បន្ទាប់ពីប្រកាសដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្នថ្នាក់ជាតិ និងផ្តល់តួលេខអ្នកស្លាប់ចំនួន ១១១ នាក់ថា «រដ្ឋាភិបាល បានដាក់ពង្រាយសមត្ថភាពទាំងអស់របស់ខ្លួន ដើម្បីការពារជីវិតមនុស្ស ជួយសង្គ្រោះសហគមន៍ដែលរងផលប៉ះពាល់ និងផ្តល់ជំនួយនៅគ្រប់ទីកន្លែងដែលត្រូវការ។ អាទិភាពចម្បងបំផុតគឺការជួយសង្គ្រោះប្រជាជនដែលជាប់គាំងក្រោមគំនរបាក់បែក»។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយកូឡុំប៊ីមួយចំនួនបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងចំនួន ១៣២ នាក់ ទោះបីជាប្រភពដើមនៃតួលេខនេះមិនទាន់ច្បាស់លាស់យ៉ាងណាក៏ដោយ។
ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧,៤ រិចទ័រនេះ បានវាយប្រហារក្នុងជម្រៅ ១០៧ គីឡូម៉ែត្រ ខណៈដែលទីភ្នាក់ងារភូមិសាស្ត្រកូឡុំប៊ីក៏បានអះអាងថា នេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលត្រូវបានកត់ត្រាក្នុងប្រទេស នៅក្នុងសតវត្សទី២១នេះ៕ ប្រភព ៖ Reuters




ចែករំលែកព័តមាននេះ