ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! លឹ​ម តិច​ម៉េ​ង បង្ហាញ​បំណង​ចង់​លក់​ម៉ូតូ​មើលជំងឺ​ម្តាយ ជាមួយ​ការ​តាំងចិត្ត​មិន​សុំ​ជំនួយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​ឃើញ​តារាចម្រៀង​លោក លឹ​ម តិច​ម៉េ​ង បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បង្ហាញ​បំណង​ពី​ការ​ចង់​លក់​ម៉ូតូ​ដែល​លោក​កំពុង​ជិះ​ផ្ទាល់ខ្លួន ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​របស់​ម្តាយ ក្នុង​ពេល​ដែល​លោក​ជា​អ្នកសិល្បៈ​មាន​កេរ្តិ៍​មួយ​រូប តែ​បែរ​ជា​ជួប​រឿង​ខ្វះខាត​​ដល់​ថ្នាក់​នេះ ។

ដោយ​មិន​ទាន់​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ម្តាយ និង​ត្រូវការ​ថវិកា​ច្រើន​បែប​ណា ​ដើម្បី​ព្យាបាល​ជំងឺ តារាចម្រៀង​ប្រុស​រូប​នេះ​បាន​គូសបញ្ជាក់​ថា ក្នុង​នាម ​ជា​អ្នកសិល្បៈ​មួយ​រូប​លោក​មិន​អាច​ដាក់​ការ​សុំ​ជំនួយ​ពី​សប្បុរសជន​ណា​ម្នាក់​ឡើយ ដោយសារ​នេះ ​គឺជា​រឿង​ក្រុម​គ្រួសារ​របស់​លោក ខ​ណៈ​ពេល​ដែល​លោក​នៅ​អាច​មាន​លទ្ធភាព​ទៅ​មុខ​បាន​នៅឡើយ ។

តាម​រយៈ​​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម តារាចម្រៀង​លោក លឹ​ម តិច​ម៉េ​ង បាន​លើក​ឡើង​ថា បើសិនជា​ខ្ញុំ ត្រូវ​លក់​ម៉ូតូ​មើលជំងឺ​ម្តាយ ! សុំ​ពុក​ម៉ែ បងប្អូន​ជួយ​ទិញ​ផង សុំ​លក់​អោយ បងប្អូន​ដែល​អាច​រក្សា​វា​បាន​ល្អ ពេល​ខ្ញុំ​មាន​លទ្ធភាព អាច​សុំ​ទិញ​មក​វិញ​បាន ។

យ៉ាងណា​ ក្រោយ​ពេល​បង្ហោះ​សំ​ណេ​រ​ខាងលើ​នេះ លោក លឹ​ម តិច​ម៉េ​ង ក៏​បាន​ធ្វើ​បញ្ជាក់​តាម​រយៈ​ខម​មិន​ឆ្លើយ​តប​ទៅ​កាន់​មហាជន​វិញ​ថា អរគុណ ពុក​ម៉ែ បងប្អូន 🙏 ពេល​ត្រូវ​លក់​ខ្ញុំ​នឹង​បង្ហោះ​ម្តងទៀត 🙏 បញ្ជាក់​ខ្ញុំបាទ​មិន​អាច​ដាក់ QR សុំ​ជំនួយ​ទេ 🙏 គាត់​ជា​ម្តាយ​ខ្ញុំ ណាមួយ​ខ្ញុំ​នៅ​អាច​ទៅ​មុខ​បាន មិន​អី​ទេ ។

ជា​ការ​កត់សម្គាល់ មហាជន ជា​ពិសេស​ បណ្តា​អ្នកគាំទ្រ​ហាក់​ភ្ញាក់ផ្អើល និង​មិន​អាច​ជឿ​ទេ​ថា ក្នុង​នាម ​ជា​តារាចម្រៀង​ដែល​មាន​កេរ្តិ៍​ម្នាក់​ក្នុង​ពេល​បច្ចុប្បន្ន​ លោក លឹ​ម តិច​ម៉េ​ង  បែរជា​មានការ​ខ្វះខាត​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​ម្តាយ រហូត​ដល់​ថ្នាក់​លក់​ម៉ូ​តួ ។

ទោះជា​យ៉ាងណា​ មានការ​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ជាប់​ការ​ប្រឡង និង​ក្លាយជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយ​នោះ​ សន្ទុះការ​គាំទ្រ​របស់​តារាចម្រៀង​លោក លឹ​ម តិច​ម៉េ​ង គឺ​មាន​ភាព​ខ្លាំង​ខ្លា ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រជាប្រិយភាព​របស់​លោក​ហាក់​មានការ​ធ្លាក់​ចុះ​វិញ ក្នុង​ពេល​ដែល​បច្ចុប្បន្ន​លោក​ក៏​រៀង​ស្ងាត់​ក្នុង​ការ​ចេញ​បទ​ថ្មី​ៗ​បន្ថែម​​ទៀត​ផង​ដែរ ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​ខាងលើ​នេះ​ ក៏​មាន​មតិ​មួយ​បាន​លើក​ឡើង​ថា ហ្វេ​ន​តារាចម្រៀង​លោក លឹ​ម តិច​ម៉េ​ង អត់​បាន​ទៅ​ណា​ទេ គឺ​នៅ​តែ​គាំទ្រ​ដដែល នៅ​តាម​មើល​តាម event ដដែល នៅ​ស្រឡាញ់​ពេញ​បេះដូង​ដដែល ហើយ​គាត់​ក៏​នៅ​ខំប្រឹង​ដដែល តែ​យើង​មិន​បាន​នៅ​ក្នុង​គ្រួសារ​គាត់ យើង​មិន​អាច​ដឹង​ថា ​ទំនួល​ខុស​ត្រូវ​របស់​គាត់​លើ​គ្រួសារ​វា​មាន​ទំហំ​ប៉ុណ្ណា​ឡើយ ។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​មានការ​ផ្ទុះ​ការ​វែកញែក​ខាងលើ​នេះ តារាចម្រៀង​លោក លឹ​ម តិច​ម៉េ​ង មិន​ទាន់​ចេញ​មុខ​បកស្រាយ​អំពី​ដែល​លោក​ជួប​ប្រទះ​នៅឡើយ​ទេ ខ​ណៈ​ពេល​ដែល​លោក​ក៏​មិន​ទាន់​បាន​បញ្ជាក់​ថា ម្តាយ​របស់​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​អ្វី ហើយ​ការ​លក់​ម៉ូតូ​មួយ​គ្រឿង​នេះ​បាន​តម្លៃ​ប៉ុន្មាន ​សម្រាប់​ថ្លៃ​ព្យាបាល​ជំងឺ​ម្តាយ​របស់​លោក​នោះ ៕