ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញភស្តុតាងជាក់ស្តែង! កម្ពុជានាំក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យមណ្ឌលសុខភាពតេជោមរកតរងការទម្លា.ក់គ្រា.ប់បែ.ក និងបា.ញ់ផ្លោ.ង

1 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ដឹកនាំ​ក្រុម​សម្របសម្រួល​កម្ពុជា ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​សុខភាព​តេ​ជោ​មរកត ដែល​រង​ការ​ខូចខាត​ដោយសារ​ការ​វាយប្រហារ ។

ជាក់ស្តែង​ក្រសួងការពារជាតិ បាន​ប្រកាស​ថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នៅ​ថ្ងៃ​អង្គារ ទី​១១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទីតាំង​មណ្ឌល​សុខភាព​តេ​ជោ​មរកត ស្ថិត​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ទីតាំង​ខាងលើ​មិនមែន​ជាទី​តាំង​យោធា​នោះ​ទេ ទីកន្លែង​នេះ គឺជា​មណ្ឌល​សុខភាព​តេ​ជោ​មរកត ដែល​ជាទី​កន្លែង​ផ្តល់​សេវា​សាធារណៈ​ផ្នែក​សុខាភិបាល​ជូន​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នេះ ហើយ​ត្រូវ​បាន​រង​ការ​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ដោយ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 ការ​បាញ់​គ្រាប់​ផ្លោង​ប្រភេទ ១៥៥mm គ្រាប់បែក​ចង្កោម និង​ដ្រូ​ន​ជា​ច្រើន​គ្រាប់ បណ្តាល​ឱ្យ​មណ្ឌល​សុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ និង​ខូចខាត​យ៉ាងដំណំ​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង​៕