ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយកាន់រូបថតកូនប្តឹងស្វែងរក ក្រោយ​ចេញពីផ្ទះ​នៅ​ឯ​ខេត្ត ​មក​ស្នាក់​នៅ​​ការដ្ឋាន​សំណង់នៅភ្នំពេញ២ថ្ងៃ ស្រាប់តែបាត់ខ្លួន មិនដឹងមូលហេតុ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​ម្នាក់​ទើបតែ​ចាក​ចេញពីផ្ទះ​នៅ​ឯ​ខេត្តសៀមរាប​មក​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ជាមួយ​ឪពុក​នៅ​រាជធានី​ភ្នំពេញ​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​មូលហេតុ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​តាម​រក​គ្រប់​ទីកន្លែង​ប៉ុន្តែ​មិនឃើញ​សោះ ។ រហូត​មក​ដល់​វេលា​ម៉ោង​១០​និង​៣០​ទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ឪពុក​ម្ដាយ​យុវជន​រូប​នោះ​បាន​កាន់​រូបថត​កូនប្រុស ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​កូនប្រុស​របស់​គាត់​រូប​នោះ​ផង​ដែរ ។

យុវជន​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ​តេ​ង មេ​សា អាយុ​១៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ​តេ​ង ស៊ើប អាយុ​៤៧​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​ជៀក អែម អាយុ​៤១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​គោក​ក្បា​ត់ ឃុំ​ចា​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

បុរស​ជា​ឪពុក​បាន​និយាយ​ថា គាត់​បាន​មក​ស្នាក់​នៅ ធ្វើ​ជា​ជាងសំណង់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រីឯ​ប្រពន្ធ​គាត់​និង​កូនប្រុស​ខាងលើ​មិន​បាន​មក​នៅ​ជាមួយ​នោះ​ទេ គឺ​ពួក​គាត់​នៅផ្ទះ​ឯ​ខេត្តសៀមរាប ។ លុះដល់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៦ កូនប្រុស​ឈ្មោះ​តេ​ង ម​សា បាន​ធ្វើ​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​រក​ការងារ​សំណង់​ធ្វើ ។ ដោយ​បាន​មក​ដល់​កន្លែង​ដែល​គាត់​(​ឪពុក​)​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​នោះ ហើយ​ក៏​បាន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​នោះ​ជាមួយ​គាត់ ។

ឪពុក​រូប​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ពេល​នោះ​ពុំ​ទាន់​រក​កា​ងារ​បាន​ធ្វើ​នៅឡើយ​ទេ ស្រាប់តែ​នៅ​វេលា​យប់​ថ្ងៃ​ទី​០៩ ខែសីហា កូនប្រុស​គាត់​រូប​នេះ​ក៏​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ ពុំ​ដឹង​ថា​វង្វេង​បាត់ ឬ​ក៏​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ ។ ពេល​បាត់​ខ្លួន​នោះ​កូន​គាត់​មាន​តែ​ខោអាវ​១​កំ​ប្លេ​រ​ជាប់​ខ្លួន​ប៉ុណ្ណោះ គ្មាន​អ្វី​ផ្សេង​ទៀត​នោះ​ទេ ហើយ​គាត់​ក៏​បាន​តាម​ដើរ​រក​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ រួច​ក៏​បាន​ខ​ល​ទៅ​សួរ​ប្រពន្ធ​នៅផ្ទះ​ថា មាន​ឃើញ​កូន​ទៅ​ផ្ទះ​វិញ​ទេ? ប្រពន្ធ​ប្រាប់​ថា​អត់​ឃើញ​ទេ ។ ក្រោយ​ពេល​ទទួល​ដំណឹង​ថា​បាត់​កូន​បែប​នេះ ប្រពន្ធ​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ មក​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​រក​កូនប្រុស​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​២​ថ្ងៃ​ហើយ​នៅ​តែរ​កកូន​មិនឃើញ​ដដែល ។

ប្ដី​ប្រពន្ធ​ខាងលើ​បាន​អះអាង​ថា កូនប្រុស​គាត់​មាន​សតិ​ស្មារតី និង​កាយសម្បទារ​ល្អជា​ធម្មតា​ទេ ហើយ​ក៏​មិន​ដែល​មាន​ស្នេហា​ជាមួយ​ស្រី​ណា ដែល​អាច​ឲ្យ​រូបគេ​រត់​តាម​ស្រី​នោះ​ដែរ ។ ចំណែក​ការ​បាត់​ខ្លួន​នេះ​មិនដឹង​ថា​មានរឿង​អ្វី​ទេ ពិតជា​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ហើយដោយ​សារ​តែ​មិនដឹង​ថា​ត្រូវ​ទៅរ​កកូន​នៅ​ទីណា​ទៀត​នោះ ទើប​នោ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ពួក​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​សុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​កូនប្រុស​រូប​នោះ​ផង ៕