ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ស្ទើរ​មិន​ជឿ! ACU រកឃើញ​សិស្ស​ម្នាក់​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​លួច​ចូល​មណ្ឌល​ប្រឡង ព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស

1 ថ្ងៃ មុន

ខេត្តកំពង់ចាម ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រកាស​នា​មុន​នេះ​ថា ៖ នៅ​មណ្ឌល​វិ​.​ហស សំបួរមាស នា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា​នេះ មាន​ករណី​សិស្ស​ធ្លាក់​ថ្នាក់​ទី​១១ ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥ មិន​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង ឆ្នាំ​២០២៦ ធ្វើ​ជា​ចូល​មក​មណ្ឌល​ប្រឡង ដោយ​ខ្លាច​ឪពុក​-​ម្តាយ ស្តីបន្ទោស ព្រោះ​ឪពុក​-​ម្តាយ មិនដឹង​ថា កូន​បាន​ប្រឡង​ធ្លាក់ តាំងពី​ថ្នាក់​ទី​១១​មក ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បន្ត​ថា សិស្ស​ឈ្មោះ សឿ​ន វិ​សា ជា​សិស្ស​ប្រឡង​ធ្លាក់​ថ្នាក់​ទី​១១ ក្នុង​ឆ្នាំ​សិក្សា​២០២៤-២០២៥ បាន​មក​មណ្ឌល​ប្រឡង និង​ចូល​ក្នុង​មណ្ឌល​ប្រឡង ព្រោះ​បាន​កុហក​ឪពុក​ម្តាយ​ថា ខ្លួន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​១០​សីហា​២០២៦ ។

ក្រោយ​ពី​ពិនិត្យ​ផ្ទៀងផ្ទាត់​រួច គឺ​មិន​មានឈ្មោះ​សិស្ស​នេះ ក្នុង​បញ្ជី​បេក្ខជន​ប្រឡង​ទេ ហើយ​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​ខេត្ត ក្រុមការងារ អ​.​ប​.​ព​. ប្រចាំ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​បាន អញ្ជើញ​ឳ​ពុក​របស់​សិស្ស មក​ធ្វើការ​ធានា​អះអាង និង​ទទួលស្គាល់​កូន ព្រមទាំង​ទទួលស្គាល់​ថា កូន​របស់​ខ្លួន​ពិតជា​ប្រឡង​ធ្លាក់ តាំងពី​ថ្នាក់​ទី​១១​មក​ម្លេះ ហើយ​ពិតជា​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១០ សីហា ២០២៦ និង​មិន​បាន​មក​ប្រឡង​ជំនួស​អ្នក​ណា​នោះ​ឡើយ ព្រមទាំង​បាន ធ្វើ​កំណត់ហេតុ និង​ណែនាំ​សិស្ស សឿ​ន វិ​សា មិន​អោយ​ប្រព្រឹត្ត​កំហុស​បែប​នេះ​បន្ត​ទៀត ព្រមទាំង​សន្យា​កែខ្លួន​នៅ​ចំពោះ​មុខ​គណៈ​ក​ម្មា​ការ​ទាំងអស់ ព្រមទាំង​ចំពោះ​មុខ​ឪពុក​របស់​ខ្លួន​ផង​ដែរ​៕