ប្រទេសយេម៉ែន ៖ កងទ័ពរដ្ឋាភិបាលយេម៉ែនដែលអន្តរជាតិទទួលស្គាល់ ថ្លែងកាលពីថ្ងៃទី១០ សីហា ថា មនុស្ស៧នាក់ក្នុងនោះ មានទាហាននិងជនស៊ីវិលបានត្រូវស្លាប់ និង៣០នាក់ទៀតរងរបួស កាលពីថ្ងៃទី៩ សីហា ក្នុងការវាយប្រហារមួយរបស់ពួកឧទ្ទាមហ៊ូធី ប្រឆាំងទីក្រុងកំពង់ផែ MOKHA ស្ថិតនៅជាប់ឆ្នេរសមុទ្រក្រហម ។

កងទ័ពរដ្ឋាភិបាលយេម៉ែនបន្តទៀតថា បណ្ដាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា រងការវាយប្រហារដោយក្រុមប្រដាប់អាវុធ
ស៊ីអ៊ីតគាំទ្រដោយអ៉ីរ៉ង់នោះ ដែលក៏វាយប្រហារដែរលើបណ្ដាសង្កាត់នៃក្រុងMOKHA ។ ទាហានរដ្ឋាភិបាល៤នាក់ និងជនស៊ីវិល៣នាក់ត្រូវស្លាប់ ហើយមនុស្ស៣០នាក់ទៀតរងរបួស ។ ប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់ដ្រូន១១គ្រឿងរបស់ពួកហ៊ូធី ក្នុងក្របខណ្ឌនៃការវាយប្រហារនោះ។ បណ្ដារូបភាពផ្សាយតាមទូរទស្សន៍AL MASSIRAH ជាទូរទស្សន៍របស់់ពួកឧទ្ទាមហ៊ូធី បង្ហាញពីការបាញ់ចេញមីស៊ីលបាលីស្ទិកច្រើនគ្រាប់ និងការបញ្ចេញដ្រូន វាយប្រហារគោលដៅប្រមូលផ្ដុំទ័ព និងបណ្ដាឃ្លាំងអាវុធ។
ពួកហ៊ូធីកាលពីថ្ងៃទី៩ សីហា ក៏វាយប្រហារប្រឆាំងបណ្ដាផលប្រយោជន៍់អារ៉ាប៊ីសាអូឌីតដែរ ។ ទីតាំង២រងការវាយប្រហារដំបូងនៅអារ៉ាប៊ីសាអូឌីតក្នុងក្រុង JEZAN ភាគនិរតីប្រទេសនេះ ដែលនោះជាការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងកាតធំមួយរបស់ក្រុមហ៊ុនប្រេងយក្ស ARAMCO បន្ទាប់មកវាយប្រហារកំពង់ផែ MOKHA យេម៉ែន ស្ថិតនៅមាត់សមុទ្រក្រហម។
ការវាយប្រហារទាំងនេះ បង្ហាញពីការកើនឡើងថ្មីនៃជម្លោះនៅយេម៉ែន។ បទឈប់បាញ់គ្នាដែលសម្រេចបានក្នុងការចរចា កាលពីឆ្នាំ២០២២ រវាងពួកហ៊ូធីនិងកងកម្លាំងរដ្ឋាភិបាលយេម៉ែនត្រូវរលាយ។ កាលពីខែមុនអារ៉ាប៊ីសាអូឌីត បានទម្លាក់គ្រាប់បែកលើព្រលានយន្តហោះរដ្ឋធានីសាណា រារាំងមិនឲ្យយន្តហោះមួយគ្រឿងហោះមកពីអ៉ីរ៉ង់ចុះចត ។ បន្ទាប់ពីនោះ មកពួក
ហ៊ូធីគំរាមដោយផ្ទាល់វាយប្រហារបណ្ដាផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត ៕

ចែករំលែកព័តមាននេះ