ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីកសិកម្មខេត្តស្ទឹងត្រែង អំពាវនាវឱ្យ​កសិករប្រុងប្រយ័ត្នជំងឺ ម្យ៉ាងលើដំណាំពោត

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​កសិកម្ម​ខេត្តស្ទឹងត្រែង​បាន អំពាវនាវ និង​ណែនាំ​ដល់​ប្រជា​កសិករ​ឱ្យ​បង្កើន​ការយល់​ដឹង​អំពី​បច្ចេកទេស​ជ្រើសរើស​ពូជ និង​ការ​រៀបចំ​ដី​ដាំ​ដុះ ជា​ពិសេស​ការ​ការពារ​ជំងឺផ្សិត​លើ​ដំណាំ​ពោត ដែល​អាច​រំខាន​ដល់​ការ​លូតលាស់ និង​ធ្វើ​ឱ្យ​ខូចខាត​ទិន្នផល​នៅ​ពេល​ពោត​ចាប់ផ្តើម​ចេញ​ស្នៀត និង​ដាក់គ្រាប់​។

ការ​ណែនាំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​មន្ត្រីជំនាញ​ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ពោត​របស់ ប្រជា កសិករ ស្ថិត​នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កាលពី​ពេល​ថ្មី​កន្លង​ទ​នេះ ។

លោក ឆិល វិបុល ប្រធាន​ការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​គូសបញ្ជាក់​ថា​នៅ​រដូវវស្សា ដំណាំ​ពោតប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ និង​សមាសភាព​សត្វល្អិត​ជាង​រដូវប្រាំង​។ លោក​បាន​បន្ថែម​ថា ក្រៅពី​ការ​រំខាន​ដោយ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី ដំណាំ​ពោត​ក៏​ងាយ ប្រឈម​ខ្លាំង​នឹង​ជំងឺផ្សិត Downy Mildew (​ដែល​ក​សិករ និយម​ហៅ​ថា ជំងឺ​បួស ឬ ជំងឺឆ្កួត​ពោត​)​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ កសិករ​ត្រូវ​អនុវត្ត​តាម​បច្ចេកទេស​ដែល​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល ចាប់តាំងពី​ការ ជ្រើស​រើស​ដីចម្ការ​មិន​ឱ្យ​ដក់​ទឹក ការ​ជ្រើសរើស​គ្រាប់ពូជ​ធន់ និង​ការ​ថែទាំ​។ ករណី​ផ្ទុះ​ជំងឺផ្សិត​នេះ កសិករ​ត្រូវ​ប្រញាប់ប្រញាល់​ប្រើប្រាស់​ថ្នាំ​កម្ចាត់​ដែល​មាន​ធាតុ​សកម្ម មេតា​ឡាក់​ស៊ី​ល (Metalaxyl) ឬ​ថ្នាំ​ព្យាបាល​ជំងឺផ្សិត​ដែល​ទទួល​បានការ​ណែនាំ​ពី​មន្ត្រី​ជំនាញ​។

ទាក់ទិន​នឹង​ស្ថានភាព​ដាំ​ដុះ​ជាក់ស្តែង លោក ហេង ធន តំណាង​កសិករ​ដាំពោត​នៅ​ភូមិ​កោះ​ខន​ឌិន បានអោយ​ដឹង​ថា ឆ្នាំ​នេះ​របប​ទឹកភ្លៀង​មាន​ភាពល្អ​ប្រសើរ​ចាប់តាំងពី​ខែមិថុនា​មក ដែល​អំណោយផល​ដល់​ការលូតលាស់​នៃ​ដំណាំ​។ ទោះជា​យ៉ាងណា ការ​ដាំ​ដុះ​នៅ​តំបន់​នេះ​នៅ​តែ​ជួប​ប្រឈម​នឹង​កត្តា​ធម្មជាតិ ជា​ពិ​សេស ជំនន់​ទឹកទន្លេ​មេគង្គ​ដែល​តែងតែ​កើនឡើង​លឿន រហូត​បង្ខំ​ឱ្យ​កសិករ​ត្រូវ​ប្រមូល​ផល​ទាំង​ប្រញាប់​ប្រ​ញាល់​។

លោក​បាន​បន្ត​ថា ដីចម្ការ​នៅ​តំបន់​លិច​ទឹក​មាន​អត្ថប្រយោជន៍​ត្រង់​ថា​សម្បូរ​ជីជាតិ​ដីល្បាប់​ធម្មជាតិ ធ្វើ​ឱ្យ​កសិករ​មិនបាច់​ចំណាយ​ច្រើន​លើ​ការ​ប្រើប្រាស់​ជីគីមី​នោះ​ទេ ពោល​គឺ​ប្រើប្រាស់​តែ​បន្តិចបន្តួច​នៅ​កន្លែង​ណា​ដែល​ដី​ខ្សោយ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ឈាវ គឹ​ម​ស្រួ កសិករ​ដាំពោត​មួយ​រូប​ទៀត បាន​ទទួលស្គាល់​ថា មុខរបរ​ក​សិកម្ម​តែងតែ​មានការ​ប្រែប្រួល​ទៅ​តាម​ធាតុអាកាស និង​បច្ចេកទេស ប៉ុន្តែ​មូលហេតុ​ដែល​អ្នក​ភូមិ​សម្រេចចិត្ត​ដាំពោត​ច្រើន​គ្រួសារ ដោយសារ​ដំណាំ​ពោត​មាន​ទីផ្សារ​ទូលំទូលាយ និង​ស្រួល​លក់​ជាង​បន្លែបង្ការ​ផ្សេង​ៗ​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ភូមិ​កោះ​ខន​ឌិន សង្កាត់​សាមគ្គី មាន​ប្រជា​កសិករ​ប្រកប​របរ​ដាំ​ដុះ​ពោត​ជា​ប្រចាំ ប្រមាណ ២០​គ្រួសារ​។ ក្រៅពី​ដំណាំ​ពោត ពួក​គាត់​ក៏​បាន​ឆ្លៀត​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ដូច​ជា ប៉ិ​គួ​ក ត្រសក់ ឪឡឹក និង​សណ្តែក ដើម្បី​នាំ​យក​ទៅ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​៕