ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ប្រយុទ្ធ​ដើម្បី​អនាគត! ទោះ​ទើប​វះកាត់ និង​ឈឺ​គ្រុន ឈា.មក៏​បេក្ខជន ២រូប​នៅ​សៀមរាប មិន​បោះបង់​ការប្រឡង

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​បាក់​ឌុ​ប មាន​សេចក្តីរាយការណ៍​អំពី​បេក្ខជន​ចំនួន ២​រូប ជួប​ប្រទះ​បញ្ហា​សុខភាព ប៉ុន្តែ​នៅ​តែ​បន្ត​បង្ហាញ​ស្មារតី​តស៊ូ​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រឡង ។ នេះ​បើ​យោង​តាម​ការ​បច្ចុប្បន្នភាព​ព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​។

ជាក់ស្តែង​នៅ​មណ្ឌល​វិទ្យាល័យ ១០​មក​រា ជើង បន្ទាប់​ពី​បាន​តស៊ូ​ប្រឡង​បញ្ចប់​ថ្ងៃ​ទី​១ កាលពី​ម្សិលមិញ​ដោយ​ជោគជ័យ​រួច​មក បេក្ខជន​ដែល​ទើបតែ​ឆ្លងកាត់​ការ​វះកាត់​ខ្នែងពោះវៀន (​ប្រចាំ​បន្ទប់​លេខ ០១ លេខ​តុ ១០) នៅ​តែ​បន្ត​បង្ហាញ​ឆន្ទៈ​មុតមាំ ក្នុង​ការ​ចូលរួម​ប្រឡង​មុខ​វិជ្ជា​អក្សរសាស្ត្រ​ខ្មែរ នា​ព្រឹក​ថ្ងៃ​ទី​២ នេះ ។ ដោយ​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​នេះ គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស អប្បមាទ និង​ប្រធាន​មណ្ឌល បាន​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​ប្អូនប្រុស​អាច​បន្ត​ការ​ប្រឡង​នៅ​ក្នុង​បន្ទប់​ពេទ្យ​បាន ដើម្បី​ធានា​ទាំង​សុវត្ថិភាព​សុខភាព និង​លទ្ធផល​នៃ​ការ​សិក្សា ។

ចំណែក​នៅ​មណ្ឌល​អនុ​វិទ្យាល័យ ហ៊ុន សែន គ្រួ​ស ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​នេះ ទោះបីជា​ស្ថានភាព​ជំងឺគ្រុនឈាម​នៅ​មិន​ទាន់​ធូរស្រាល​យ៉ាងណា​ក្តី បេ​ក្ខ​នារី​ប្រចាំ​បន្ទប់​លេខ​១៧ នៅ​តែ​បន្ត​រក្សា​ស្មារតី​តស៊ូ​យ៉ាង​មុតមាំ និង​ខិតខំ​ពុះពារ​ធ្វើ​វិញ្ញាសា​ជា​បន្ត​ទៀត ដោយ​មានការ​តាមដាន​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​ដដែល​។

សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​លះបង់ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្អូន​ៗ​ទាំង​ពីរ​រូប នឹង​នាំ​មក​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ជាទី​គាប់ចិត្ត​! សូម​ជូនពរ​ប្អូន​ៗ​ឆាប់​ជា​សះស្បើយ ៕