ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ធ្វើ​តេស្ត​អាកាស​យានិក​២​នាក់​រក​សារ​ធា.តុ​ញៀ.ន​បន្ទាប់​ពី​ពួក​គេ​បើក​យន្ត​ហោះ​ធ្លា.ក់​ពី​លើ​អាកាស

2 ថ្ងៃ មុន

ទី​ក្រុ​ងញូដេលី៖ ក្រសួង​អាកាស​ចរណ៍​ឥណ្ឌា​ប្រកាស​ថា​អ្នក​បើក​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែ​ឥណ្ឌា (Air India) ​ត្រូវ​បាន​​នាំ​ខ្លួន​ទៅ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​បន្ទាប់​ពី​​ពួក​គេ​​បើក​យន្ត​ហោះ​សុខ​ៗ​ស្រាប់​តែ​ក្រឡាប់​ផ្កាប់​ផ្ងារ​នៅ​លើ​អាកាស​បណ្ដាល​ឱ្យ​​អ្នក​ដំណើរ​ និង​បុគ្គលិក​ក្រុម​ហ៊ុន​សរុប​១៧​នាក់​រង​របួស​។ ​យន្ត​ហោះ​នោះ​ម៉ាក​អ៊ែបឺស​ អេ​៣២០ (Airbus A320) ដឹក​អ្នក​ដំណើរ​១៣៧​នាក់ និង​បុគ្គលិក​ក្រុម​ហ៊ុន​៨​នាក់​។ កំពុង​បើក​សុខៗពី​​កោះ​ភូកេត ​ប្រទេស​ថៃ ឆ្ពោះ​ទៅ​រដ្ឋ​ធានី​ញូដេលី ប្រទេស​ឥណ្ឌា យន្ត​ហោះ​នោះ​​ស្រាប់​តែ​ធ្លាក់​ចុះ​មក​ក្រោម​៩១​ម៉ែត្រ​​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា។ ក្រោយ​មក​ អ្វី​ៗ​ក៏​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ហើយ​យន្ត​ហោះ​អាច​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​។

អ្នក​ដំណើរ​៨​នាក់​ និង​បុគ្គលិក​ក្រុមហ៊ុន​៤​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​ចុះ​ចត​ដល់​ទី​ក្រុង​ញូដេលី​ភ្លាម​។ ឥឡូវ​នេះ ពួកគេ​បាន​ធូរ​ស្បើយ​ឡើង​វិញ​ហើយ​។ អាកាស​យានិក​ទាំង​២​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​ធ្វើ​តេស្ត​រក​សារ​ធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។ សំណាក​ទឹក​នោម​របស់​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធ​ដើម្បី​វិភាគ​ និង​កំពុង​រង់​ចាំ​លទ្ធ​ផល​។ ក្រសួង​អាកាស​ចរណ៍​ឥណ្ឌា​ថ្លែង​បន្ត​ទៀត​ថា​ហេតុ​​ការណ៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឧបទ្ទវ​ហេតុ​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែល​តម្រូវ​ឱ្យ​អាជ្ញា​ធរ​បើក​ការ​ស៊ើប​អង្កេត​។ អាកាស​យានិក​ទាំង​២​​នាក់​នោះ​ត្រូវ​បាន​បញ្ឈរ​ជើង​ពី​ការ​ងារ​សិន​ ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​។ ក្រៅ​ពី​នេះ អាជ្ញា​ធរ​នឹង​បន្ត​ចាត់​វិធាន​ការ​សម​ស្រប​ដទៃ​ទៀត​ទៅ​តាម​ស្ថាន​ការណ៍​ជាក់​ស្ដែង​ស្រប​ទៅ​តាម​លទ្ធ​ផល​ស៊ើប​អង្កេត​ និង​អនុ​លោម​តាម​លទ្ធ​ផល​ធ្វើ​តេស្ត​រក​សារ​ធាតុ​​ញៀន​។

តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​ថត​បាន​នៅ​ពេល​យន្ត​ហោះ​ធ្លាក់​ចុះ​មក​ក្រោម​នោះ គេ​ឃើញ​វ៉ាលី​របស់​អ្នក​ដំណើរ​ធ្លាក់​រប៉ាត់​រប៉ាយ​ពេញ​​​យន្ត​ហោះ​ និង​ឃើញ​អ្នក​របួស​ត្រូវ​គេ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​តាម​ប្រង់​កា (brancards)។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែ​ឥណ្ឌា​សរ​សេរ​រៀប​រាប់​នៅក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​ពិត​ជា​មាន​ការ​ធ្វើ​តេស្ត​អ្នក​បើក​យន្ត​ហោះ​មែន​។ ប៉ុន្តែ​លទ្ធ​ផល​តេស្ត​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ឧបទ្ទ​វ​ហេតុ​នេះ​ជា​ចំណុច​ខ្សោយ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​តាម​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែ​ឥណ្ឌា​ដែល​ទើប​តែ​ផ្លាស់​ប្ដូរ​នាយក​ប្រតិ​បត្តិ​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។ ចាប់​តាំង​ពី​ទិញ​យក​ក្រុម​ហ៊ុន​អ៊ែ​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០២២ ក្រុម​ហ៊ុន​តាតា​ គ្រុប (Tata Group) បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​យ៉ាង​សម្បើម​។ ក្នុង​នោះ​មាន​ការ​កុម្ម៉ង់​ទិញ​យន្ត​ហោះ​បន្ថែម​រាប់​រយ​គ្រឿង និង​កែ​លម្អ​យន្ត​ហោះ​ស៊េរី​ចាស់​ៗ​ឱ្យ​ទំនើប​ឡើង​វិញ​​។

ទោះ​បី​ខិត​ខំ​​ធ្វើ​ទំនើប​កម្ម និង​​​សមាហរណ​កម្ម​​យ៉ាង​ណា​ក្ដី ​ក៏​ប៉ុន្តែ​​ក្រុម​ហ៊ុន​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​បន្ត​បន្ទាប់​។ ឧទាហរណ៍​ដូច​ជា​ការ​បញ្ជូន​យន្ត​ហោះ​ទៅ​ដល់​ដៃ​ក្រុម​ហ៊ុន​មិន​ទាន់​សភាព​ការណ៍ និង​ការ​បិទ​ដែន​អាកាស​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ​២០២៥​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ធាក់​ថយ​ខ្លាំង​បំផុត​សម្រាប់​ក្រុមហ៊ុន​នេះ​គឺ​ហេតុ​ការណ៍​ដែល​កើត​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២៥​នៅ​ពេល​យន្ត​ហោះ​ខ្នាត​ធំ​ដែល​មាន​ជើង​ហោះ​ហើរ​លេខ​១៧១ ​ធ្លាក់​ទៅ​លើ​បរិវេណ​សា​លា​រៀន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២៤២​នាក់ដែល​ជិះ​នៅ​ក្នុង​យន្ត​ហោះ​ និង​មនុស្ស​១៩​នាក់​ទៀត​នៅ​លើ​ដី​​។ កាល​នោះ យន្ត​ហោះ​ត្រូ​វធ្វើ​ដំណើរ​ពី​ឥណ្ឌា​ទៅ​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​។ ហោះ​ទើប​តែ​បាន​មិន​ដល់​មួយ​នាទី​ផង យន្ត​ហោះ​នោះក៏​ជួប​ប្រទះ​នឹង​ឧបទ្ទវ​​ហេតុ​នេះ​តែ​ម្ដង​៕ ប្រភព៖ Vietnam Express​