ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនសង្ស័យ ១៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ និង​ក្រោម​ការ​ដឹកនាំ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ លោកស្រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន លើ​ជនសង្ស័យ​ប្រុស ស្រី ចំនួន ១៧​នាក់ (​ស្រី ០២​នាក់​) ក្នុង​នោះ ជនជាតិ​ចិន ចំនួន ១៥​នាក់ (​ស្រី ០២​នាក់​) ជនជាតិ​ខ្មែរ ចំនួន ០២​នាក់ (​ប្រុស​) ពាក់ព័ន្ធ​ពី​បទ ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ។

កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦:០០​នាទី កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ចំនួន ១៧​នាក់ (​ស្រី ០២​នាក់​) ជន​ជាត​ចិន ចំនួន ១៥​នាក់ (​ស្រី ០២​នាក់​) ជនជាតិ​ខ្មែរ ចំនួន ០២​នាក់ (​ប្រុស​) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​បុរី​ឡឺ​សិន ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​២១:៣០​នាទី រួម​នឹង​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

វត្ថុ​តាង​រួម​មាន ៖
១-​កុំព្យូទ័រ (​អន​ឡាញ​) ម៉ាក ALL IN ONE ចំនួន ៨៣​គ្រឿង
២-​ទូរ​សព្ទ​ដៃ (​អន​ឡាញ​) ចំនួន ៧៣​គ្រឿង
៣-​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយ​ចំនួន (​ឃី ម៉ៅ ព្រី​ភ្លើង ខ្សែ​WIFI)
៤-​ទូរ​សព្ទ​ដៃ​ប្រើប្រាស់​ផ្ទាល់ខ្លួន ចំនួន ១០​គ្រឿង
៥-​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន និង​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះ​សីហ​នុ ៕