ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់ថ្លែងថាខ្លួនកំពុងចរចាជិតបានសម្រេចហើយជាមួយប្រទេសអូម៉ង់ដើម្បីកំណត់និយមន័យថ្មីស្ដីពីផ្លូវចេញចូលរបស់កប៉ាល់ដឹកទំនិញ និងដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ ប៉ុន្តែអ៊ីរ៉ង់នៅតែនិយាយដដែលឡើងវិញថាអាមេរិកត្រូវតែធ្វើទៅតាមការទាមទាររបស់ខ្លួន។ ក្នុងនោះអ៊ីរ៉ង់ទាមទារឱ្យអាមេរិកផ្ដល់ប្រាក់សំណងប៉ះប៉ូវការខូចខាតដោយសារសង្គ្រាម, ទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងទាមទារឱ្យអាមេរិកបិទបញ្ចប់ការគំរាមកំហែងយោធាមកលើខ្លួន។ ទាល់តែបំពេញគ្រប់លក្ខខណ្ឌទាំងអស់នេះទើបអ៊ីរ៉ង់យល់ព្រមបើកដំណើរការច្រកហ័រម៉ូសឡើងវិញ។

មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាអ៊ីរ៉ង់ និងអូម៉ង់នឹងសម្រេចបានកិច្ចព្រមព្រៀងនៅពេលឆាប់ៗនេះ ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការបើកច្រកហ័រម៉ូសឡើងវិញ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាក់ឈី ថ្លែងថាប្រទេសទាំង២កំពុងចរចាគ្នាឈានដល់ដំណាក់កាលចុងក្រោយហើយ។ ប៉ុន្តែជាថ្មីម្ដងទៀត លោកនៅតែនិយាយដដែលឡើងវិញថាអ៊ីរ៉ង់នឹងមិនបើកច្រកហ័រម៉ូសជាដាច់ខាតលុះត្រាតែអាមេរិកធ្វើតាមការទាមទាររបស់អ៊ីរ៉ង់ជាមុនសិន។ ទីភ្នាក់ងារព័ត៌មាន Mehr របស់អ៊ីរ៉ង់ដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីរូបនេះមកផ្សាយថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នឹងនាំឱ្យមានការកំណត់ច្រកផ្លូវសម្រាប់ប្រើប្រាស់។ សំខាន់ឱ្យតែអាមេរិកបំពេញគ្រប់លក្ខខណ្ឌ។

សព្វថ្ងៃនេះ អាមេរិក និងអ៊ីរ៉ង់មិនចរចាគ្នាដោយផ្ទាល់ទេ។ លោកអារ៉ាក់ឈីថ្លែងថាអ៊ីរ៉ង់នឹងមិនមែនជាអ្នកចាប់ផ្ដើមការចរចាគ្នាទេដោយសារអាមេរិកបានរំលោភស្មារតីនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នកាលពីខែមិថុនា។ លោកថាការផ្ញើសារឆ្លើយឆ្លងគ្នារវាងប្រទេសទាំង២ធ្វើឡើងតាមរយៈក្រុមប្រទេសអន្តរការី។ លោកដូណាល់ត្រាំថ្លែងនៅក្នុងបទសម្ភាសជាមួយគេហទំព័រអាក់សឺស (Axios) ថាអាមេរិកបញ្ជូនប្រតិភូកម្រតិទាបតែប៉ុណ្ណោះទៅចរចាជាមួយអ៊ីរ៉ង់។ យើងកំពុងចរចាគ្នាលេងៗជាមួយអ៊ីរ៉ង់។ យើងកំពុងរង់ចាំមើលរូបិយប័ណ្ណរបស់អ៊ីរ៉ង់ចុះថោក ហើយពួកគេគ្មានលុយសម្រាប់ចាយតទៅទៀត។

លោកអារ៉ាក់ឈីថ្លែងថាបើចង់បើកច្រកហ័រម៉ូសឡើងវិញត្រូវអាស្រ័យមួយផ្នែកទៅលើអាមេរិកផ្ដល់ប្រាក់សំណងទៅឱ្យអ៊ីរ៉ង់ថ្លៃខូចខាតដែលពួកគេជាអ្នកបង្កឡើង។ ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ លោកមហាម៉ាត់ បាកឺ ហ្សុលកេដឺ (Mohammad Baqer Zolqadr) បានដាក់លក្ខខណ្ឌឱ្យអាមេរិកឈប់ឈ្លានពានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅលីបង់ ប៉ាឡេស្ទីន យេម៉េន និងអ៊ីរ៉ង់។ ឆ្លើយតបទៅនឹងសំណូមពរនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះខាងលើប្រាប់ថាអាមេរិកគង់តែលុបចោលការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ទេ សំខាន់ឱ្យតែមានកិច្ចព្រមព្រៀងបើកច្រកហ័រម៉ូសឡើងវិញ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ