ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះអន្តរាគមន៍សង្គ្រោះបន្ទាន់កម្រិតបឋមលើការការពារច្រាំងទន្លេមេគង្គ ត្រង់ចំណុចសូឡាបូមទឹករបស់គម្រោងរដ្ឋបាលស្រុកក្រូចឆ្មារ ដែលមានទីតាំងស្ថិតក្នុងឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។
សូមជម្រាបថា ទីតាំងសូឡាបូមទឹកនេះ កំពុងទទួលរងការហូរច្រោះយ៉ាងខ្លាំង ដោយសារការប្រែប្រួលចរន្តទឹកទន្លេមេគង្គ។ ជុំវិញបញ្ហានេះ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានចុះអន្តរាគមន៍សង្គ្រោះបន្ទាន់កម្រិតបឋម ដើម្បីការពារច្រាំងទន្លេ ព្រមទាំងកាត់បន្ថយហានិភ័យដល់គម្រោងសូឡាបូមទឹក និងធានានិរន្តរភាព នៃការងារបូមទឹកស្រោចស្រពជូនប្រជាពលរដ្ឋក្នុងឃុំប៉ឺស១ ស្រុកក្រូចឆ្មារ ឱ្យបានទាន់ពេលវេលាក្នុងបរិបទបាតុភូតអ៊ែលនីញ៉ូ (El Niño) ។
ទន្ទឹងនឹងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានរៀបចំផែនការដើម្បីទប់ស្កាត់ការហូរច្រោះច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំប៉ឺស១ ប្រវែង ១ ៣០០ម៉ែត្រ ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ២០២៧ ខាងមុខនេះ ៕







ចែករំលែកព័តមាននេះ