រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ ប្រព្រឹត្តិទៅបានល្អប្រសើរជាងឆ្នាំមុន ដោយសារឆ្នាំមុនទាំងបេក្ខជន បេក្ខនារី និងអាគារមណ្ឌលប្រឡងមួយចំនួន ទទួលរងផលប៉ះពាល់ ដោយសារការឈ្លានពានពីសំណាក់យោធាថៃ លើអធិបតេយ្យភាពកម្ពុជា ។
ការថ្លែងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាខាងលើនេះ ធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ស្ថានភាពនៃការប្រឡងបា់ឌុបឆ្នាំនេះ ល្អប្រសើរជាងឆ្នាំមុន ពោលទាំងសិស្សានុសិស្ស និងអាគារសិក្សា បើទោះបីជាមានសាលារៀន២៥កន្លែង ដែលសិស្សមិនទាន់អាចត្រឡប់ទៅសិក្សាបាន ប៉ុន្តែរាជរដ្ឋាភិបាល កំពុងតែទាមទារ ខិតខំធ្វើយ៉ាងណា ដើម្បីអាចឱ្យសាលាទាំងអស់ រួមទាំងសិស្ស អាចត្រឡប់ទៅសាលាវិញបាន ។
ឯកឧត្តម បញ្ជាក់ថា “ការប្រឡងឆ្នាំនេះ គឺល្អប្រសើរជាងឆ្នាំមុន ដោយសារឆ្នាំមុនគឺទាំងសិស្ស ក៏ប៉ះពាល់ដោយសារតែការឈ្លានពានរបស់យោធាថៃ មកលើបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ហើយឆ្លៀតយកឱកាសនេះ សម្តែងនូវកត្តញ្ញុតាធម៌ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកខិតខំប្រឹងប្រែង តស៊ូប្រយុទ្ធប្រឆាំង និងការឈ្លានពានរបស់យោងធាថៃ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ហើយជាពិសេស គឺជួយគាំទ្រទៅដល់សិស្សានុសិស្ស ដែលប៉ះពាល់ ក៏ដូចប្រជាជនដែលប៉ះពាល់ផងដែរ” ។
សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់។ ដោយឡែកចំពោះទិដ្ឋភាព សន្តិសុខសណ្តាប់ធ្នាប់ ជុំវិញបរិវេណមណ្ឌលប្រឡងទាំងអស់ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច៕




ចែករំលែកព័តមាននេះ