ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ បង្ហាញមុខ​ជនសង្ស័យ​៣​នាក់​ ពាក់ព័ន្ធ​អំពើ​ចោរកម្ម​៣​ករណី​ផ្សេង​គ្នា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ចោរកម្ម​ ចំនួន​៣​ករណី​ផ្សេង​ពី​គ្នា ក្រោយ​ពី​ការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១.​ឈ្មោះ ថុ សិរី​រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ បុគ្គលិក​ដឹក​ជញ្ជូន មាន​ទីលំនៅ​ភូមិ ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ​1X-9761 កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​បុរី​H ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ូក សំភាស់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ជនសង្ស័យ​ទី​២. ឈ្មោះ ឡូយ បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​១​ដែល​មាន​ប្រាក់​រៀល ចំនួន​៣០០,០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៤៦០​ដុល្លារ ពី​បុរស​អ្នកលក់​បន្លែ​ម្នាក់​ឈ្មោះ ឡេ​ង សម្បត្តិ ។

ជនសង្ស័យ​ទី​៣. ឈ្មោះ អ៊ី​ង ហ្វី​ហាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​G11 ផ្លូវ​បេតុង សំណង់ផ្ទះ​ល្វែង​កសិកម្ម ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង យក​បាន​កញ្ចក់​មើល​ក្រោយ ទាំង​សងខាង ។ ដោយឡែក​ម្ចាស់​រថយន្ត​ឈ្មោះ កុយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​យោធា ។

ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​ដដែល​នោះ​ដែរ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​និង​កសាង​សំណុំរឿង​រួច​មក កម្លាំង​នគរបាល ខណ្ឌដង្កោ ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ៕