ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​អង្គស្នួល​ ប្រមូល​ក្រុម​ក្មេង​ទំនើង​សរុប​១៨​នាក់​ យកមកអប់រំ

2 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ កម្លាំង​នគរបាល ​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ឃាត់​ប្រមូល​ក្រុម​ក្មេង​ទំនើង​២​ក្រុម សរុប​១៨​នាក់ នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដុសក្អែល​ចេញ​ម្ដង ខណៈ​ដែល​យប់​រំលង​អ​ធ្រា​ត្រ​ទៅ​ហើយ មិន​គិត​ចូល​ផ្ទះ​ដេក​ពួន​ទេ បែរជា​នាំ​គ្នា​ផឹកស៊ី​ពពាក់ពពូន​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទៀត ។

ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​នោះ​ទេ​ ដោយ​គ្រាន់​ប្រាប់​ថា តាម​រយៈ​ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន ពួក​នោះ​គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​នោះ​ទេ។ ពួក​គេ​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​២៥​ឆ្នាំ ហើយ​អ្នកខ្លះ​គឺជា​សិស្ស និង​ខ្លះ​ទៀត​គឺជា​កម្មករ។ ដោយឡែក​ការ​ស្នាក់​នៅ​វិញ​មួយ​ចំនួន​ស្នាក់​នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មួយ​ចំនួន​ស្នាក់​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​មួយ​ចំនួន​ទៀត​ស្នាក់​នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១០ បាន​ចេញ​ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​អង្គ​ស្នូល ។ ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម​កំពុង​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​កម្លាំង​នគរបាល​ក៏​បាន​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ទាំង​យប់​តែ​ម្ដង ។

នគរបាល​បាន​ប្រាប់​បន្ថែម​ទៀត​ថា​នៅ​ក្នុង​ពេល​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ កម្លាំង​ល្បាត​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​១២​គ្រឿង​ផង​ដែរ​ក្នុង​នោះ​រួម​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​៧​គ្រឿង ,​ម៉ាក​ស៊ុ​យ​ហ្ស៊​យ​គី​និ​ច​ចំនួន​២​គ្រឿង​,​ម៉ូតូ​ម៉ាក​ហុងដា​អេ​ឌី​វី ១​គ្រឿង ,​ម៉ូតូ​ម៉ាក​ស៊ី​ប៊ី​១៥០​សេ​សេ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​។ បន្ទាប់​មក​កម្លាំង​នគរបាល​បាន​ធ្វើការ​សាកសួរ និង​អប់រំ ព្រមទាំង​ដាក់​ពិន័យ​ឲ្យ​ពួកក្មេង​ទំនើង​ទាំងនោះ​ធ្វើ​អនាម័យ​រយៈពេល ៣៦​ម៉ោង​ទៅ​៤៨​ម៉ោង រួច​ទើប​ហៅ​អាណាព្យាបាល​ឲ្យ​ទៅ​ធ្វើ​កិច្ចសន្យាធានា​យក​ទៅ​ផ្ទះ​វិញ ៕