រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានព្រមានចាត់វិធានការ ចំពោះករណីយរកឃើញយកវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃមួយករណី និងនាឡិកាឆ្លាតវៃ ៣ករណី ពីបេក្ខជន ព្រមទាំងនាឡិកាឆ្លាតវៃ ៤ករណី ពីគណៈកម្មការ ។
យោងតាមបណ្តាញសង្គមរបស់ក្រសួងអប់រំ បានលើកឡើងថា ដំណើរការសំណេរនាថ្ងៃទី១នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ ។
ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជន បានគោរពបទប្បញ្ញត្តិ នៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក ចូលមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរ ថ្ងៃទី១នេះ មានខេត្តចំនួន៧ រាជធានី -ខេត្ត ដែលមានភ្លៀងធ្លាក់តែមិនប៉ះពាល់ដល់ដំណើរការសំណេរឡើយ ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ មាន២មុខវិជ្ជា គឺ ៖ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ ដោយឡែក នារសៀលថ្ងៃទី១នេះ មាន២មុខវិជ្ជា គឺ៖ គីមីវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រ) និងភូមិវិទ្យា និងភាសាបរទេស (ថ្នាក់វិទ្យាសាស្ត្រសង្គម) ។
នៅថ្ងៃទី១នេះ មានបេក្ខជនអវត្តមាន ចំនួន១,៣១៤នាក់ (ស្រី៤៨៧នាក់) ស្មើនឹង០,៨៦ភាគរយ បេក្ខជនស្វ័យរិន ចំនួន១,១១៥នាក់ (ស្រី៣៩៥នាក់) បេក្ខជនចំណេះទូទៅចំនួន១៩៩នាក់ (ស្រី៩២នាក់)។ បេក្ខជន ដែលមានបញ្ហាសុខភាព១២១នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន១២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៤១នាក់ និងគ្រោះថ្នាក់ចរាចរណ៍៧នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាព២៨នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល ។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកប ដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង ។
ក្រសួងបានលើកឡើងថា នៅក្នុងដំណើរការសំណេរថ្ងៃទី១ មានការដកហូតគ្រឿងអេឡិចត្រូនិក ហាមឃាត់ចំនួន៨ករណី ដែលក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃមួយករណី និងនាឡិកាឆ្លាតវៃ៣ករណី ពីបេក្ខជន ព្រមទាំងនាឡិកាឆ្លាតវៃ៤ករណីពីគណៈកម្មការ ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។
ក្រសួងអប់រំ យុវជន និងកីឡា សូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករ ណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕





ចែករំលែកព័តមាននេះ