ទីក្រុងម៉ូស្គូ៖ ដ្រូនរបស់អ៊ុយក្រែនវាយប្រហារទីក្រុងនីសញីកាំ (Nizhnekamsk) របស់រុស្ស៊ីបណ្ដាលឱ្យស្លាប់មនុស្ស១៣នាក់ និងរបួស៣៩នាក់។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនដាក់ផែនការវាយប្រហារទីតាំងផលិតប្រេងរបស់រុស្ស៊ីដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយសឹងតែជារៀងរាល់ថ្ងៃ។ ហេតុនេះធ្វើឱ្យរុស្ស៊ីខ្វះខាតប្រេងឥន្ធនៈ។ លោកហ្សេឡិនស្គីមានប្រសាសន៍ថានេះជាយុទ្ធនាការបង្ខំឱ្យលោកពូទីនចូលតុចរចា និងបញ្ឈប់អំពើឈ្លានពានមកលើប្រទេសអ៊ុយក្រែន។

នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងនីសញីកាំក្លាយជាគោលដៅវាយប្រហារដ៏ធំធេងមួយពីសំណាក់ដ្រូនរបស់អ៊ុយក្រែនដែលផ្ដោតគោលដៅលើទីតាំងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ គេមិនសូវដឹងលម្អិតប៉ុន្មានទេអំពីការវាយប្រហារ និងទំហំនៃការខូចខាត។ ចំណែកមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនក៏មិនបានធ្វើអត្ថាធិប្បាយទៅលើរឿងនេះដែរ។ ទីក្រុងនីសញីកម្មស្ថិតនៅចម្ងាយ១២០០គីឡូម៉ែត្រពីព្រំដែនខាងកើតរបស់អ៊ុយក្រែន និងមានប្រជាជនរស់នៅ២,៤សែននាក់។ ទីក្រុងនេះជាកន្លែងចម្រាញ់ប្រេងដ៏សំខាន់របស់រុស្ស៊ី មានរោងចក្រចម្រាញ់ប្រេង២កន្លែង និងមានរោងចក្រចម្រាញ់ប្រេងពាក់កណ្ដាលសម្រេចមួយកន្លែង។

អ៊ុយក្រែនអាចផលិតដ្រូននៅក្នុងប្រទេសខ្លួនឯងផ្ទាល់តែម្ដងដែលអាចហោះហើរកាន់តែឆ្ងាយទៅៗចូលទៅក្នុងទឹកដីរុស្ស៊ី។ ដ្រូនស៊េរីទំនើបរបស់អ៊ុយក្រែនអាចហោះទៅវាយប្រហារដល់តំបន់ស៊ីបេរីដែលមានចម្ងាយ២ពាន់គីឡូម៉ែត្រពីព្រំដែន។ លោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃអាទិត្យថាយើងបានចាត់វិធានការឆ្លើយតបដោយភាពសមហេតុផលបំផុត។ លោកព្រមានថារាល់ការវាយប្រហាររបស់រុស្ស៊ីមកលើអ៊ុយក្រែននឹងត្រូវអ៊ុយក្រែនវាយបកវិញយ៉ាងសមាមាត្រ។ រុស្ស៊ីនឹងទទួលអារម្មណ៍ថាសង្គ្រាមដែលខ្លួនជាអ្នកប្រព្រឹត្តនឹងជះផលត្រឡប់ទៅលើពួកគេវិញជាមិនខាន។

ហ្សេឡិនស្គីយល់ថាមូលហេតុតែមួយគត់ដែលរុស្ស៊ីនៅតែបន្តសង្គ្រាមព្រោះពួកគេគ្មានឆន្ទៈបញ្ចប់សង្គ្រាមនេះទេ។ រុស្ស៊ីបន្តវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លាដោយប្រើប្រាស់មីស៊ីល គ្រាប់បែកមានប្រព័ន្ធនាំផ្លូវ និងដ្រូនទៅលើទីតាំងស៊ីវិលបណ្ដាលឱ្យស្លាប់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ អង្គការសុខភាពពិភពលោកប្រកាសនៅថ្ងៃនេះថាឃ្លាំងដាក់ទំនិញរបស់ខ្លួននៅតំបន់ឌីនីប្រូរងការវាយប្រហារ២ដងត្រឹមតែរយៈពេលមិនដល់២៤ម៉ោងផង។ ការវាយប្រហារទាំងនោះបំផ្លិចបំផ្លាញសម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងពេលសង្គ្រោះបន្ទាន់សរុបជាទឹកប្រាក់កន្លះលានដុល្លារ៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ