ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ! បេក្ខជនជាង ៦ពាន់នាក់ ប្រឡងបាក់ឌុប ខណៈអភិបាលខេត្តបញ្ជាក់ថា «រង្វាន់កំពុងរង់ចាំអ្នកជាប់និទ្ទេស A»

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទ​សោភ័ណ នៅ​ថ្ងៃ​ព្រឹក​ទី​១០ ខែសីហា ឆ្នាំ​២០២៦​នេះ អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុ​តិ​ភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៥-២០២៦ ។

ក្នុង​ឱកាស​កាត់​វិញ្ញាសា​ប្រឡង​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ដល់​បេក្ខជន​ប្រឡង​ទាំងអស់​ថា រង្វាន់​កំពុង​រង់ចាំ​អ្នក​ជាប់​និទ្ទេស​ល្អ​(A )​។ ដូច្នេះ ចូរ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​កុំ​អនុវត្ត​ផ្ទុយ​ពី​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ រាល់​មុខ​វិជ្ជា​នៃ​វិញ្ញាសារ​ប្រឡង​ត្រូវ​តែ​ពិនិត្យ​ឱ្យ​ច្បាស់ ហើយ​ធ្វើ​ឱ្យ​ត្រូវ ដើម្បី​បាន​ជាប់​ក្នុង​ការ​ប្រឡង​នេះ ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទ​សោភ័ណ បាន​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​នេះ​មាន​តែ​ខ្លួន​ទីពឹង​ខ្លួន​ទេ មិន​មាន​នរណា​ម្នាក់​អាច​ជួយ​បាន​ឡើយ ហើយ​បើ​ចេះ​គឺ​ជាប់ ។ មួយវិញទៀត​បេក្ខជន​ត្រូវ​ចាំ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការ​គិតគូ និង​យកចិត្តទុកដាក់ ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ពង្រឹង​ខេត្តកំពង់ស្ពឺ បាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​កុំព្យូទ័រ​ជាង ៧០​គ្រឿង ទៅ​ដល់​បេក្ខជន​ដែល​ប្រឡង​ជាប់ ហើយ​ដណ្តើម​បាន​និទ្ទេស​A ។ ដូច្នេះ​ការ​ប្រឡង​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ដែរ រំពឹង​ថា និង​មាន​អ្នក​ជាប់​ច្រើន ហើយ​ទទួល​បាន​និទ្ទេស​A​លើស​ពី​ឆ្នាំ​មុន​ៗ ។

លោក ថន ថា​រិ​ន ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា សម្រាប់​ខេត្តកំពង់ស្ពឺ ក្នុង​ថ្ងៃ​ទី​មួយ នៃ​សម័យ​ប្រឡង មន្ទីរ​បាន​រៀបចំ​មណ្ឌល​ប្រឡង​ចំនួន ១៣​មណ្ឌល ដែល​មាន​ចំនួន ២៤៥​បន្ទប់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​២​មណ្ឌល ស្មើ​និង​៤០​បន្ទប់ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១១​មណ្ឌល​ស្មើ​និង​២០៥​បន្ទប់ ។

លោក​បាន​បន្ថែម​ថា បេក្ខជន​ប្រឡង មាន​ចំនួន ៦ ០៨៨​នាក់ (​ស្រី​៣ ៤៦៨​នាក់​) ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៥ ១២២​នាក់ (​ស្រី ២ ៨៥២​នាក់​) ហើយ​ក្នុង​ចំណោម​បេក្ខជន​ទាំងអស់ មាន​បេក្ខជន​ប្រឡង​ភាសា​អង់គ្លេស​ចំនួន ៦ ០២៥​នាក់ (​ស្រី ៣ ៤៣៤​នាក់​) និង​បេក្ខជន​ប្រឡង​ភាសា​បារាំង​ចំនួន ៦៣​នាក់ (​ស្រី ៣៤​នាក់​)​ផង​ដែរ ៕​