ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំនេះល្អជាងឆ្នាំមុន លទ្ធ ផលប្រឡងគ្រោងប្រកាសនៅថ្ងៃទី២ កញ្ញា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់​ជួន ណា​រ៉ុ​ន បាន​គូសបញ្ជាក់​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦នេះ ប្រព្រឹត្តិ​ទៅ​បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ដោយសារ​ឆ្នាំ​មុន​ទាំង​បេក្ខជន បេ​ក្ខ​នារី និង​អគារ​មណ្ឌល​ប្រឡង​មួយ​ចំនួនទទួល​រង​ផល​ប៉ះពាល់ ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ លើ​អធិបតេយ្យភាព​កម្ពុជា ។

ការ​ថ្លែង​របស់​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ខាងលើ​នេះ ធ្វើ​ឡើង​នា​ឱកាស​អញ្ជើញ​ចូលរួម​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រួម​ទាំង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​បើក​ប្រធាន​វិញ្ញាសា​ជា​និមិត្តរូប ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១០ សីហា ២០២៦ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ ។

ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ថា ស្ថានភាព​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ពោល​ទាំង​សិស្សានុសិស្ស និង​អគារសិក្សា បើ​ទោះបីជា​មាន​សាលារៀន​២៥​កន្លែង ដែល​សិស្ស​មិន​ទាន់​អាច​ត្រឡប់​ទៅ​សិក្សា​បាន ប៉ុន្តែ​រាជរដ្ឋាភិបាល​កំពុង​តែ​ទាមទារ ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​អាច​ឱ្យ​សាលា​ទាំងអស់ រួម​ទាំង​សិស្ស​អាច​ត្រឡប់​ទៅ​សាលា​វិញ​បាន ។

សូម​បញ្ជាក់​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦ ដោយ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៥១ ២៣៨​នាក់ ។ ដោយឡែក​ចំពោះ​ទិដ្ឋភាព សន្តិសុខ​សណ្តាប់ធ្នាប់ ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង​ទាំងអស់ ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​ប្រសើរ ដោយ​មានការ​ចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​ប្រកាស ហាម​មិន​ឱ្យ​យក​ប្រធាន​វិញ្ញាសា​ចេញពី​បន្ទប់​ប្រឡង ហើយ​មិន​ថត​បង្ហោះ​ឡើយ ដើម្បី​ធានា​ការ​ជឿ​ទុកចិត្ត និង​មិន​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ​។ វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់ ត្រូវ​បាន​ជ្រើសរើស តាក់តែង រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

វិញ្ញាសា​ប្រឡង ត្រូវ​បាន​កំណត់​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ។ ទម្រង់​វិញ្ញាសា ត្រូវ​បាន​រៀបចំ​ជា​ពីរ គឺ​ទម្រង់​វិញ្ញាសា​ចម្លង​ដាក់​លើ​ក្តារខៀន និង​ទម្រង់​វិញ្ញាសា​សន្លឹក​ក្រដាស​ចែក​ជូន​បេក្ខជន ។ ការ​លើក​ឡើង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន នា​ឱកាស​អញ្ជើញ​ចូលរួម​ជាមួយ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បើក​ប្រធាន​វិញ្ញាសា​ជា​និមិត្តរូប ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១០ សីហា ២០២៦ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ ។