ប្រទេសអ៊ុយក្រែន ៖ រុស្ស៊ីប្រកាសនាថ្ងៃទី១០ សីហា ថា បានបាញ់ទម្លាក់នាពេលយប់ដ្រូនអ៊ុយក្រែន៤៥៦គ្រឿង ខណៈការវាយប្រហារនានាបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់ក្នុងតំបន់២របស់រុស្ស៊ី ។

ក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា កាលពីយប់មិញប្រព័ទ្ធការពារអាកាសរបស់យើងបានស្ទាក់ និងកម្ទេចដ្រូនអាកាសអ៊ុយក្រែន៤៥៦គ្រឿង និងបញ្ជាក់ថា ការវាយប្រហារដោយដ្រូនអ៊ុយក្រែន សំដៅលើតំបន់១៥របស់រុស្ស៊ី ព្រមទាំងតំបន់គ្រីមេ។ នៅតាតាស្ថានភាគកណ្ដាលរុស្ស៊ី ការវាយប្រហារខ្លាំងក្លាសំដៅលើទីក្រុងឧស្សាហកម្មនីសណឺកាមស្ក៍ ស្ថិតនៅចម្ងាយប្រមាណជា១៦០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ។
ការវាយប្រហារដែលបន្តរហូតដល់ព្រឹកទៀត គឺសំដៅលើបណ្ដាទីតាំងឧស្សាហកម្មក៏ដូចជាស៊ីវិល ។ ជាការគួរឲ្យសោកស្ដាយមនុស្សច្រើននាក់បានត្រូវស្លាប់ ។ ម្យ៉ាងវិញទៀត អាជ្ញាធរតំបន់បែលហ្គោរ៉ូដរុស្ស៊ី ជាប់ព្រំដែនអ៊ុយក្រែន រៀបរាប់ពីមនុស្សស្លាប់៥នាក់ និងរបួស២០នាក់់ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែន ។
ចំណែករុស្ស៊ីវិញបានបន្តវាយប្រហារទ្រង់ទ្រាយធំ ស្ទើររាល់ថ្ងៃប្រឆាំងបណ្ដាទីក្រុងអ៊ុយក្រែនរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ។ ក្រុងមូស្គូឆ្លៀតពេលដែលអ៊ុយក្រែនកំពុងខ្វះគ្រាប់មីស៊ីលការពារអាកាស បង្កើនការវាយប្រហារដោយប្រសិទ្ធភាពតាមរយៈការប្រើមីស៊ីល ដែលពេលខ្លះស្ទើរតែមិនអាចស្ទាក់កម្ទេចបាន១គ្រាប់ណាផង។
មីស៊ីលរុស្ស៊ីបានវាយប្រហារចំអាគារខ្ពស់មួយនៅក្រុងខាគៀវ ស្លាប់មនុស្ស២នាក់និងរបួស១៣នាក់។ មនុស្ស៨នាក់រងរបួសក្នុងការវាយប្រហារលើក្រុងអូដេសាអ៊ុយក្រែន ៕

ចែករំលែកព័តមាននេះ