ប្រទេសចិន ៖ តំបន់ឆ្នេរសមុទ្រភាគខាងកើតចិន បានរៀបចំខ្លួនចាប់តាំងពីច្រើនថ្ងៃមកហើយ ដើម្បីទប់ទល់ចំពោះការមកដល់នៃព្យុះទីហ្វុង DOLPHIN ដោយអាជ្ញាធរបានផ្អាកការងារ និងសេវាកម្មដឹកជញ្ជូន ក្នុងតំបន់មួយចំនួនដែលព្យុះនោះត្រូវបោកបក់កាត់ ។

ព្យុះនោះ បានបោកបក់់មកដល់ដែនដីជិតទីក្រុងYUHUANុ ខេត្តហ្សេជាំងនាវេលាម៉ោង១៧ និង៣០នាទីម៉ោងក្នុងស្រុកថ្ងៃទី៩សីហា។ នេះជាការអះអាងរបស់មជ្ឈមណ្ឌលឧតុនិយមជាតិចិនក្នុងសារតាមអនឡាញមួយ។ ព្យុះនេះ បោកបក់ក្នុងល្បឿនដល់១៥០គីឡូម៉ែត្រក្នុង១ម៉ោង។ តំបន់មួយចំនួននាភាគកណ្ដាល និងភាគខាងកើតខេត្តហ្សេជាំងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតរវាងពី២៥០ទៅ៥០០មីល្លីម៉ែត្រ ។ អាជ្ញាធរបានជម្លៀសមនុស្សជាង៩០០.០០០នាក់ចេញពីក្រុងវេនហ្សូ និងបើកជម្រកបន្ទាន់ជាង១០០០កន្លែង ។
តាមទូរទស្សន៍រដ្ឋចិនCCTVថា ជើងហោះហើរចេញ និងចូលព្រលានយន្តហោះសំខាន់២នៃក្រុងសៀងហៃ ជិត១៤០០ជើងត្រូវលុបចោលកាលពីថ្ងៃទី៩ សីហា។ ព្រលានយន្តហោះHANGZHOU ក្នុងខេត្តហ្សេជាំងក៏លុបចោលជើងហោះហើរចេញនិងចូល២៧០ជើងដែរ។

ព្យុះនេះ ក៏អាចបង្កការប៉ះពាល់ដល់ក្រុងហុងកុង និងតំបន់ឆ្នេរភាគខាងត្បូងចិន ដោយសារឥទ្ធិពលរបស់វា ដែលធ្វើឲ្យសី តុណ្ហភាពឡើងខ្ពស់ដល់់៣៦,៩អង្សាសេ ។ មុនមកដល់ចិនព្យុះនេះ បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បោកបក់ខ្លាំងនៅកោះអូគីណាវ៉ាជប៉ុនរួចហើយ ។ មនុស្ស៧នាក់រងរបួសស្រាលនៅអូគីណាវ៉ា។ នៅតៃវ៉ាន់ការធ្វើដំណើរតាមនាវាត្រូវបានផ្អាក ហើយជើងហោះហើរជាង១៨០ជើងត្រូវលុបចោល ។
មជ្ឈមណ្ឌលឧតុនិយមជាតិចិន កាលពីព្រឹកថ្ងៃទី៩ សីហា បានចេញការប្រកាសអាសន្នពណ៌ក្រហម ដោយព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងផ្នែកមួយចំនួន នាភាគកណ្ដាល និងភាគខាងកើតខេត្តហ្សេជាំង ។ ភ្លៀងក៏នឹងធ្លាក់ខ្លាំងដែរនៅក្រុងសៀងហៃនិងតំបន់មួយចំនួននៃខេត្តហ្វូជៀន អានហ្វី និងជាំងស៊ូរហូតដល់រសៀលថ្ងៃទី១០ សីហា ៕

ចែករំលែកព័តមាននេះ