សង្គ្រាមអ៉ីរ៉ង់ ៖ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់អ៉ីរ៉ង់ កាលពីថ្ងៃទី៨ សីហា បានលើកលក្ខខណ្ឌនានា ដែលអាមេរិកត្រូវបំពេញមុនពេលបើកច្រកសមុទ្រហ័រមូសឡើងវិញ ។ បែបនេះ នាំចុះថយក្ដីសង្ឃឹមលើការបើកឡើងវិញច្រកសមុទ្រយុទ្ធសាស្ត្រនេះ ដែលជាចំណុចស្នូលមួយនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ។

លោកម៉ូហាម៉ាដបាក់ហ័រហ្សូលហ្គាដ្រ លេខាធិការក្រុមប្រឹក្សាជាន់ខ្ពស់នៃសនិ្តសុខជាតិអ៉ីរ៉ង់លើកឡើងថា បើដរាបណាអាមេរិកមិនផ្លាស់ប្ដូរឥរិយាបថររបស់ខ្លួនទេ នោះច្រកសមុទ្រហ័រមូសនឹងនៅតែបិទ។ អ៉ីរ៉ង់ទាមទារជាពិសេស ដល់ក្រុងវ៉ាស៊ូនតោនបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការឈ្លានពានប្រឆាំងខ្លួន និងបណ្ដាសម្ព័ន្ធមិត្តហើយលុបចោលការហ៊ុមពទ្ធ័បណ្ដាកំពង់ផែរបស់ខ្លួន។ អ៉ីរ៉ង់ក៏ទាមទារផងដែរ ឲ្យលុបចោលបណ្ដាទណ្ឌកម្មអាមេរិក លុបចោលការបង្កកទ្រព្យសម្បត្តិរបស់ខ្លួន និងចេញសងទាំងស្រុងរាល់ការខូចខាតដោយសង្គ្រាមដែលអាមេរិក និងអ៉ីស្រាអែលធ្វើប្រឆាំងខ្លួន។
ក្រុងតេហេរ៉ង់បដិសេធការវិលមករកសភាពការណ៍ដូចមុនសង្គ្រាមវិញ និងប៉ុនប៉ងទារប្រាក់សេវាកម្មសម្រាប់ការឆ្លងកាត់ច្រកសមុទ្រនោះ ដែលអាមេរិកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។ ទោះបីយ៉ាងណា រយៈពេលចុងក្រោយនេះ អ៉ីរ៉ង់អះអាងពីការព្រមព្រៀងគ្នាជាមួយអូម៉ង់ សំដៅបើកឡើងវិញច្រកសមុទ្រហ័រមូស ដែលនោះជាការរីកចម្រើនមួយអាចរួមចំណែកសម្រាលភាពតានតឹងនៅមជ្ឈឹមបូព៌ា ។ ប៉ុន្តែកាលពីថ្ងៃទី៨ សីហា អ៉ីរ៉ង់បែរជាធ្វើការទាមទាររ៉ាឌីកាល់ថ្មីៗ សម្រាប់ការបើកឡើងវិញច្រកសមុទ្រនោះ ។
ចាប់តាំងពីជាង១សប្ដាហ៍មកហើយ អាមេរិកបានឈប់វាយប្រហារលើអ៉ីរ៉ង់ ក៏ទោះបីប្រធានាធិបតីលោកដូណាល់ត្រាំ លើកលក្ខខណ្ឌពីការផ្អាកនោះ ទៅនឹងការចុះហត្ថលេខាដោយឆាប់រហ័សលើកិច្ចព្រមព្រៀងមួយក្ដី ។ លោកត្រាំ កាលពីថ្ងៃទី៩ សីហា បានឲ្យដឹងថា លោកត្រៀមបង្កើនការគាបសង្កត់ខាងសេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ ដែលបែបនេះហាក់ដូចជា លោកចង់បោះបង់ចោលការបញ្ជាឲ្យវាយប្រហារថ្មីក៏ទោះបីអ៉ីរ៉ង់ធ្វើការទាមទារម៉ឺងម៉ាត់នានាក្ដី ។ លោកត្រាំថ្លែងថា យើងនៅចរចាត្រឹមពាក់កណ្ដាលជាមួយអ៉ីរ៉ង់។ យើងចងឃើញអ៉ីរ៉ង់ជួបប្រទះអតិផរណាដែលឡើងកាន់តែខ្ពស់យ៉ាងលឿនហើយប្រាក់ជាតិធ្លាក់ថ្លៃកាន់តែខ្លាំង។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៉ីរ៉ង់បានវាយប្រហារច្រើនលើកលើបណ្ដានាវាដែលបើកតាមផ្លូវសមុទ្រកាត់ជិតអូម៉ង់ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក សំដៅវាងផ្លូវត្រួតត្រាដោយអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ