ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​! តម្លៃ​ប្រេង​អន្តរជាតិ​កើនឡើង ១% ខណៈ​ច្រក​ហ័​រ​មូស​នៅ​តែ​ជា​បញ្ហា​ចម្បង

2 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​កើនឡើង​នៅ​ដើម​ស​ប្តា​ហ៍​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​បន្ត​កើត​មាន​ជុំវិញ​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ឡើង​វិញ ខណៈ​ដែល​ប្រទេស​អ៊ី​រ៉​ង់​ថ្លែង​ថា សហរដ្ឋអាមេរិក​ត្រូវ​តែ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ទោះបីជា​អ៊ី​រ៉​ង់​ខ្លួនឯង និង​ប្រទេស​អូ​ម៉​ង់​បាន​ឈាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​ព្រមព្រៀង​គ្នា​លើ​ផ្លូវ​នាវាចរណ៍​មួយ​នេះ​ក៏​ដោយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

តម្លៃ​ប្រេង​ឆៅ​ម៉ាក Brent ដែល​ជា​ស្តង់ដា​ពិភពលោក បាន​កើនឡើង ៨៤ សេន ឬ ១% ឡើង​ដល់ ៨៤,៣៩ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១១:២៥ ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​តម្លៃ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក បាន​កើនឡើង ៦០ សេន ឬ ០,៧៥% ដល់ ៧៨,៧៧ ដុល្លារ​ក្នុង​១​បារ៉ែល​។

ការ​ជួញដូរ​ប្រេង​ទាំង​ពីរ​នេះ បាន​ធ្លាក់​ចុះ​ជាង ៧% កាលពី​ស​ប្តា​ហ៍​មុន ព្រោះ​ក្តី​សង្ឃឹមថា អ៊ី​រ៉​ង់ និង​អូ​ម៉​ង់​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​ឈាន​ទៅ​ដល់​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ដែល​ជា​ច្រក​ដឹក​ជញ្ជូន​ប្រេង​មួយ​ភាគ​ប្រាំ​របស់​ពិភពលោក​មុន​ពេល​មាន​សង្គ្រាម​។

ទោះបីជា​អ៊ី​រ៉​ង់​កាលពី​ថ្ងៃអាទិត្យ បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​ជាមួយ​អូ​ម៉​ង់​ស្ថិត​នៅ​ក្នុង ដំណាក់កាល​ចុង​ក្រោយ​ក៏​ដោយ ក៏​ទីក្រុង​តេ​ហេ​រ៉​ង់​បាន​សង្កត់ធ្ងន់​ជា​ថ្មី​ថា ផ្លូវទឹក​នេះ​នឹង​បើក​ឡើង​វិញ​លុះត្រាតែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បំពេញ​លក្ខខណ្ឌ​ផ្សេង​ទៀត រួម​ទាំង​ការ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ផ្តល់​សំណង​សម្រាប់​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​មក​លើ​អ៊ី​រ៉​ង់​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់ លោក Abbas Araqchi កាលពី​ថ្ងៃអាទិត្យ​បាន​ថ្លែង​ថា អ៊ី​រ៉​ង់ និង​សហរដ្ឋអាមេរិក​មិន​បាន​ចូលរួម​ក្នុង​កិច្ចចរចា​នោះ​ទេ ហើយ​ទីក្រុង​តេ​ហេ​រ៉​ង់​នឹង​មិន​ចាប់ផ្តើម​ចរចា​ឡើយ ដរាបណា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​តែ​រំលោភ​លើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមិថុនា​។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​ការ​គំរាមកំហែង​បន្ថែម​ទៀត​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នោះ ក្រុម​ហ៊ូ​ធី (Houthis) ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​អ៊ី​រ៉​ង់ បាន​ប្រកា​សថាបាន​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង Jazan របស់​ក្រុមហ៊ុន Saudi Aramco របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃអាទិត្យ​។ ការ​វាយប្រហារ​នេះ​បាន​កើតឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​ព្រះរាជាណាចក្រ​មួយ​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ជាមួយ​សម្ព័ន្ធមិត្ត​តួ​ក​គី និង​ប៉ា​គី​ស្ថាន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ​ស្ថិរភាព​ក្នុង​តំបន់​ដែល​កំពុង​កើនឡើង ចេញពី​សង្គ្រាម​អា​មេ​រិ​ក​-​អ៊ី​ស្រា​អែ​ល ប្រឆាំង​នឹង​អ៊ី​រ៉​ង់​។

ដោយឡែក​ពី​គ្នា​នេះ ក្រុមហ៊ុន​ប្រេង ADNOC របស់​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ថា កប៉ាល់​របស់​ខ្លួន​ចំនួន ១៥ គ្រឿង ត្រូវ​បាន​វាយប្រហារ​ពេល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​ជម្លោះ​ដ៏​កក្រើក​តំបន់​មជ្ឈិមបូព៌ា​មួយ​នេះ​៕