ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈអគ្គមេបញ្ជាការប្រកាសមិនទទួលស្គាល់ការប្រែប្រួលព្រំដែនដោយកម្លាំងយោធា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​បញ្ជាក់​ប្រាប់ មេបញ្ជាការ​កង​នាវា​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក នូវ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ និង​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ដោយ​ប្រើប្រាស់​កម្លាំងយោធា ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា​នេះ ។

នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម នាយ​ឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការ​កង​នាវា​ប៉ា​ស៊ី​ហ្វិ​ក​សហរដ្ឋអាមេរិក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​អគ្គ​បញ្ជាការដ្ឋាន​។

ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា​-​សហរដ្ឋអាមេរិក ជា​ពិសេស​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​ចូល​ចត​នាវា​យោធា និង​ការ​ត្រៀម​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​រួម នៅ​ឆ្នាំ​២០២៧ ។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​រួមចំណែក​ក្នុង​ដំណើរការ​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ព្រមទាំង​បាន​ស្វាគមន៍​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​រុករក​អដ្ឋិធាតុ​យុទ្ធ​ជន​អា​មេ​រិ​ក​បាត់​ខ្លួន និង​ការ​ពង្រឹងសមត្ថភាព​កងទ័ព ។

មេបញ្ជាការ ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ និង​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ដោយ​ប្រើប្រាស់​កម្លាំងយោធា​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​នាយ​ឧត្តមនាវី STEPHEN T. WEB KOEHLER បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​បញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កង​យោធពលខេមរភូមិន្ទ រួម​ទាំង​ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន «​កា​រ៉ាត់​» ឡើង​វិញ​នៅ​ឆ្នាំ​២០២៧ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ជំនួយ​មនុស្សធម៌ សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ការ​ចូលរួម​លំ​ហាត់ SEACAT ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ៕