ទីក្រុងម៉ានីល ៖ មហាសេដ្ឋីកំពង់ផែ លោក Enrique Razon Jr. វ័យ៦៦ឆ្នាំ បានក្លាយជាបុគ្គលមានបំផុតនៅក្នុងប្រទេសហ្វីលីពីនឆ្នាំនេះ និងជាលើកដំបូងផងដែរ ពោលចាប់តាំងពីជាប់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកកាលពីឆ្នាំ ២០០៧ ដោយសារតែអាណាចក្រកំពង់ផែរបស់លោកបានពង្រីកខ្លួនតាមរយៈគម្រោងថ្មីៗទាំងក្នុង និងក្រៅប្រទេស។
ប្រធានក្រុមហ៊ុន International Container Terminal Services Inc. (ICTSI) រូបនេះ មានទ្រព្យសម្បត្តិសរុបដល់ទៅ ២២ ពាន់លានដុល្លារអាមេរិក នៅក្នុងការធ្វើបច្ចុប្បន្នភាពដោយទស្សនាវដ្ដីសហរដ្ឋអាមេរិក Forbes គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ។
ដោយមិនរុញរាពីភាពតានតឹងភូមិសាស្ត្រនយោបាយសកល លោក Razon បានជំរុញការរីកដុះដាលជាសកលរបស់ក្រុមហ៊ុនលោក ដែលធ្វើឱ្យតម្លៃភាគហ៊ុនកើនឡើងខ្ពស់ និងបង្កើនទ្រព្យរបស់លោកជាង ១០ ពាន់លានដុល្លារ ធៀបនឹងឆ្នាំមុន។ ភាគហ៊ុនរបស់ក្រុមហ៊ុន ICTSI ដែលមានលោក Razon ជាប្រធាន និងប្រធានប្រតិបត្តិ បានកើនឡើងជាងទ្វេដងក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ធ្វើឱ្យវាក្លាយជាក្រុមហ៊ុនជួញដូរសាធារណៈមានតម្លៃបំផុតនៅក្នុងប្រទេសហ្វីលីពីន។
ក្រុមហ៊ុនប្រតិបត្តិករកំពង់ផែមួយនេះ ក៏បានកត់ត្រាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ ២០២៥ ដោយប្រាក់ចំណេញសុទ្ធកើនឡើង ២៣% ដល់ ១,១ ពាន់លានដុល្លារ ខណៈចំណូលបានកើនឡើង ១៨% ដល់ ៣,២ ពាន់លានដុល្លារ។
កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន ICTSI បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា រយៈពេល ២៥ឆ្នាំ ជាមួយក្រុមហ៊ុនរដ្ឋ Transnet របស់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីធ្វើប្រតិបត្តិការស្ថានីយផ្ទុកកុងតឺន័រនៅកំពង់ផែ Durban ដែលជាកំពង់ផែផ្ទុកទំនិញជិតពាក់កណ្តាលរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ តាមរយៈនោះ ក្រុមហ៊ុនបានឱ្យដឹងថាខ្លួនមានផែនការវិនិយោគទឹកប្រាក់ជិត ៦៥០ លានដុល្លារ ដើម្បីធ្វើបច្ចុប្បន្នភាព ក៏ដូចជាលើកកម្ពស់គុណភាពទីតាំងមួយនេះ។ នៅក្នុងខែដដែលនោះ ICTSI ក៏បានប្រកាសអំពីការវិនិយោគបន្ថែម ១៧៥ លានដុល្លារទៀត ដើម្បីពង្រីកស្ថានីយខ្លួននៅក្នុងទីក្រុងរីយ៉ូដឺចេណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីលផងដែរ។
ដោយឡែកសកម្មភាពក្នុងស្រុក ICTSI បានគ្រោងទុកថវិកាចំនួន ១ ពាន់លានដុល្លារ សម្រាប់គម្រោងនានា រួមមានការធ្វើបច្ចុប្បន្នភាពកំពង់ផែលំដាប់ផ្កាយប្រាំរបស់ខ្លួននៅក្នុងទីក្រុងម៉ានីល និងការសាងសង់ស្ថានីយផ្ទុកកុងតឺន័រថ្មីមួយនៅក្នុងខេត្តបាតាង៉ាស (Batangas) ស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី។ របាយការណ៍ស្រាវជ្រាវមួយកាលពីខែមិថុនា ដោយធនាគារ Maybank របស់ម៉ាឡេស៊ីបានឱ្យដឹងថា ការវិនិយោគទាំងនេះនឹង គាំទ្រដល់ការកើនឡើងជាបន្តបន្ទាប់នៃប្រាក់ចំណេញក្នុងរយៈពេលវែង។ ក្រៅអំពីនោះ លោក Razon ក៏កំពុងតែពង្រីកការវិនិយោគនៅលើវិស័យផ្សេងៗទៀតផងដែរ រួមមាន កាស៊ីណូ ថាមពល និងការរុករករ៉ែ។
មហាសេដ្ឋីលំដាប់ទី ២ ប្រចាំប្រទេសហ្វីលីពីន គឺបងប្អូនបង្កើតត្រកូល ស៊ី ដែលជាស្តេចត្រាញ់ខាងវិស័យអចលនទ្រព្យ ជាមួយទ្រព្យសម្បត្តិសរុប ៩,២ ពាន់លានដុល្លារ ហើយលំដាប់ទី ៣ គឺលោក Ramon Ang ប្រធានក្រុមហ៊ុនសម្ព័ន្ធ San Miguel មានទ្រព្យសរុប ៣,៥ ពាន់លានដុល្លារ៕ ប្រភព ៖ Forbes និង VnExpress



ចែករំលែកព័តមាននេះ