ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រលងបាក់ឌុបថ្ងៃដំបូង! បេក្ខជនជាង១,២០០នាក់អវត្តមាន និងមានបញ្ហាសុខភាព៩៦នាក់ ហើយបោះបង់ការប្រឡង ១១នាក់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​បូក​សរុប​បឋម​ស្ដី​ពី​ដំណើរកា​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថា មាន​បេក្ខជន​អវត្តមាន​ចំនួន​១២៩៤​នាក់ (​ស្រី​៤៧៤​នាក់​) ស្មើនឹង​០,៨៥​ភាគរយ បេក្ខជនស្វ័យរិន​ចំនួន​១១០០​នាក់ (​ស្រី​៣៨៧​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​១៩៤​នាក់ (​ស្រី​៨៧​នាក់​) ។

ក្នុង​ដំណើរការ​សំ​ណេ​រ នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ១០ សីហា ២០២៦ មាន​ពីរ​មុខ​វិជ្ជា គឺ​ប្រវត្តិវិទ្យា និង​ជីវវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១​នេះ មាន​បេក្ខជន​អវត្តមាន​ចំនួន​១២៩៤​នាក់ (​ស្រី​៤៧៤​នាក់​) ស្មើនឹង​០,៨៥​ភាគរយ បេក្ខជនស្វ័យរិន​ចំនួន​១១០០​នាក់ (​ស្រី​៣៨៧​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​១៩៤​នាក់ (​ស្រី​៨៧​នាក់​)​។

បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​៩៦​នាក់ ក្នុង​នោះ​បោះបង់​ការ​ប្រឡង​ចំនួន​១១​នាក់ បេក្ខជន​ប្រឡង​ដាច់ ដោយឡែក​២៤​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម មាន​ចំនួន​២៧​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​២​នាក់ ។ ដោយឡែក គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​១៩​នាក់ ។ បេក្ខជន ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល ។

ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង ។

សូម​ជម្រាប​ថា នៅ​ខេត្តសៀមរាប មាន​ករណី​ដក​នាឡិកា​ឆ្លាត​វៃ​ពី​គណៈកម្មការ​ចំនួន​៣​ករណី ។ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ អនុវត្ត​តាម​សេចក្ដីណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈ​ក​ម្មា​ការ​កណ្ដាល គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហ​ការណ៍​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

ក្នុង​ឆ្នាំ​សិក្សា​២០២៥-២០២៦​នេះ បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៥១ ២៣៨​នាក់ (​ស្រី ៨៤ ៧៣៥​នាក់​)​។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១១៣ ៧៩៣​នាក់ ស្មើនឹង ៧៥,២៤% ៕