ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា.ប់បែ.កចង្កោ.មមិនស្គាល់បទឈប់បា.ញ់ ៖ មរតកសង្គ្រាមរបស់យោធាថៃបន្តគំរា.មកំហែ.ងជីវិតពលរដ្ឋកម្ពុជារាប់ឆ្នាំទៅមុខ

2 ថ្ងៃ មុន

គ្រាប់បែក​ចង្កោម​មិន​ស្គាល់​បទ​ឈប់​បាញ់​ទេ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​យោធា​ថៃ​ដែល​បាញ់​ស្រោច​មក​លើ​ទឹកដី​កម្ពុជា អាច​បន្ត​សម្លាប់ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ឆ្នាំទៅ​មុខ ។ នេះ​បើ​យោង​តាម​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ ។

បើ​យោង​តាម​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​ជម្រាប​លោក Alain Aeschlimann ទីប្រឹក្សា​ផ្នែក​សុវត្ថិភាព និង​ការ​គ្រប់គ្រង​វិបត្តិ​នៃ​ទីស្នាក់ការ​កណ្តាល ICRC ថា លទ្ធផល​ស្រាវជ្រាវ​ដែល​ទើប​បញ្ចប់​នៅ​ភូមិ​ចំនួន ៣៣៥ បាន​បង្ហាញ​ពី​ទំហំ​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​បំពុល​ដោយ​សំណល់​យុទ្ធភណ្ឌ​របស់​យោធា​ថៃ ។ តំបន់​រង​ផល​ប៉ះពាល់​ចំនួន​៥,៣៤៨ ពហុកោណ ត្រូវ​បាន​កំណត់​លើ​ផ្ទៃដី​សរុប​៣,៨៧២ គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម​មាន​រហូត​ដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់​ផ្ទៃដី​ជិត​២,៧០០ គីឡូ​ម៉ែត្រការ៉េ ។ តួលេខ​ទាំងនេះ មិនមែន​គ្រាន់តែ​ជា​ស្ថិតិ​ទេ ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​គ្រោះថ្នាក់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​រស់នៅ​ជាមួយ​ជា​រៀងរាល់ថ្ងៃ ។

ឯកឧត្តម ហេង រតនា ក៏​បាន​បញ្ជាក់​ថា គ្រាប់បែក​ចង្កោម​ប្រភេទ M42, M46 និង M85 ដែល​មិន​ទាន់​ផ្ទុះ ដែល​យោធា​ថៃ​បាន​បាញ់ អាច​មាន​ចំនួន​ប្រមាណ​ពី ៦​លាន​ទៅ​៧​លាន​គ្រាប់ រាយ​ប៉ាយ​នៅ​តាម​ភូមិឋាន ស្រែ​ចម្ការ និង​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ ។ នេះ​មាន​ន័យ​ថា គ្រោះថ្នាក់​មិន​បាន​បញ្ចប់​ជាមួយ​ការ​បញ្ចប់​ការ​បាញ់ប្រហារ​នោះ​ទេ ។ គ្រាប់​មិន​ទាន់​ផ្ទុះ​អាច​បន្តស​ម្លា​.​ប់ បង្ក​របួស និង​រារាំង ប្រជាពលរដ្ឋ​ពី​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ ការ​បង្កបង្កើន​ផល និង​ការ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ។ ទំហំ​នេះ​ត្រូវ​បាន​ប្រៀបធៀប​ថា អាច​ធំ​ជាង​ករណី​សង្គ្រាម​លី​បង់​-​អ៊ី​ស្រា​អែ​ល ឆ្នាំ​២០០៦ ដែល​មានការ​ប៉ាន់​ប្រមាណ​គ្រាប់បែក​ចង្កោម​មិន​ទាន់​ផ្ទុះ​ប្រមាណ​១​លាន​គ្រាប់ ។

នៅ​ពីក្រោយ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់ គឺជា​ហានិភ័យ​ចំពោះ​ជីវិត​មនុស្ស​ម្នាក់ ។ នៅ​ពីក្រោយ​ដី​ដែល​ត្រូវ​បាន​បំពុល​មួយ​ហិ​កតារ គឺ​អាច​ជា​គ្រួសារ​មួយ​ដែល​មិន​អាច​ធ្វើស្រែ​ចម្ការ កុមារ​ដែល​មិន​អាច​ទៅ​សាលារៀន ឬ​ជនភៀសសឹក​ដែល​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​ដោយ​សុវត្ថិភាព ។ ដូច្នេះ បញ្ហា​គ្រាប់បែក​ចង្កោម​មិនមែន​គ្រាន់តែ​ជា​បញ្ហា​យោធា ឬ​បច្ចេកទេស​កម្ចាត់​យុទ្ធភណ្ឌ​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​មនុស្សធម៌ សិទ្ធិ​មនុស្ស និង​ការ​ស្តារ​ជីវភាព​របស់​សហគមន៍​ទាំងមូល​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​បាញ់​ពង្រាយ​គ្រាប់បែក​ចង្កោម​របស់​យោធា​ថៃ​ទៅ​កាន់​តំបន់​ដែល​មាន​សាលារៀន វត្ត​អារាម ភូមិឋាន ស្រែ​ចម្ការ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល បាន​បន្សល់​ទុក​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ និង​ការ​គំរាមកំហែង​រយៈពេល​វែង​ដល់​អាយុជីវិត សន្តិសុខ​ស្បៀង ជីវភាព​រស់នៅ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ។ គ្រាប់បែក​ចង្កោម​មិន​ស្គាល់​បទ​ឈប់​បាញ់​ទេ ៖ គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​អាច​ប្រែក្លាយ​ផ្ទះសម្បែង សាលារៀន ស្រែ​ចម្ការ និង​ទីធ្លា​របស់​កុមារ ទៅ​ជា​តំបន់​គ្រោះថ្នាក់​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ ។

សន្តិភាព​មិន​អាច​វាស់​ត្រឹមតែ​ភាព​ស្ងប់ស្ងាត់​នៃ​សំឡេង​កាំភ្លើង​នោះ​ទេ ។ សន្តិភាព​ពិតប្រាកដ​ត្រូវ​វាស់​ដោយ​ថា តើ​ប្រជាពលរដ្ឋ​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព កុមារ​អាច​វិល​ទៅ​សាលារៀន កសិករ​អាច​ចូល​ស្រែ​ចម្ការ និង​សហគមន៍​អាច​រស់នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ថា ជំហាន​បន្ទាប់​របស់​ពួក​គេ​អាច​ប៉ះ​គ្រាប់​មិន​ទាន់​ផ្ទុះ ។ ដរាបណា​គ្រាប់បែក​ចង្កោម​នៅ​តែ​រាយ​ប៉ាយ​ក្នុង​តំបន់​ស៊ី​វិល ផលវិបាក​នៃ​សង្គ្រាម​នៅ​តែ​បន្ត ទោះបី​ការ​បាញ់ប្រហារ​បាន​បញ្ចប់​ក៏​ដោយ ។

អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​នេះ គឺ​តួលេខ​ខាងលើ មិន​ទាន់​ឆ្លុះ​បញ្ចាំង​ពី​ទំហំ​ពេញលេញ​នៃ​ការ​បំពុល​ដោយ​សំណល់​យុទ្ធភណ្ឌ​នៅឡើយ ។ នៅ​មាន​ភូមិ​ចំនួន​១៤ ទៀត​នៅ​តំបន់​ជួរ​មុខ​ជាប់​ព្រំដែន ដែល​ក្រុម​ជំនាញ​មិន​ទាន់​អាច​ចុះ​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ប៉ះពាល់​បាន ។ ដូច្នេះ ទំហំ​ពិតប្រាកដ​នៃ​តំបន់​រង​ផល​ប៉ះពាល់ និង​ចំនួន​គ្រាប់​មិន​ទាន់​ផ្ទុះ​អាច​មាន​កម្រិត​ខ្ពស់​ជាង​តួលេខ​ដែល​បាន​រក​ឃើញ​នា​ពេល​បច្ចុប្បន្ន​។

បញ្ហា​នេះ​ក៏​បង្កើត​សំណួរ​មួយ​អំពី​ទំនួល​ខុស​ត្រូវ​ផង​ដែរ ៖ តើ​នរណា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​សម្អាត​សំណល់​យុទ្ធភណ្ឌ ការ​ធ្វើ​ឱ្យ​ដី​មាន​សុវត្ថិភាព​ឡើង​វិញ ការ​ជួយ​ជន​រង​គ្រោះ និង​ការ​ធានា​ថា ប្រជាពលរដ្ឋ​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ និង​ដី​កសិកម្ម​របស់​ខ្លួន​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ? ផលវិបាក​មនុស្សធម៌​នៃ​សង្គ្រាម​មិន​គួរ​ត្រូវ​បាន​ទុក​ឱ្យ​ជន​ស៊ី​វិល​ជា​អ្នក​ទទួល​បន្ទុក​តែ​ម្នាក់ឯង​ឡើយ ។

ការ​ប្រយុទ្ធ​អាច​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​មរតក​នៃ​គ្រាប់បែក​ចង្កោម​អាច​បន្ត​សម្លាប់​មនុស្ស​រាប់​ឆ្នាំ ឬ​រាប់​ទសវត្សរ៍​ក្រោយ​សង្គ្រាម ។ ដូច្នេះ ការ​បញ្ចប់សង្គ្រាម​មិនមែន​គ្រាន់តែ​ជា​ការ​បញ្ឈប់​ការ​បាញ់​ទេ ប៉ុន្តែ​ត្រូវ​បញ្ចប់​គ្រោះថ្នាក់​ដែល​សង្គ្រាម​បាន​បន្សល់​ទុក​លើ​ជីវិត​ប្រជាពលរដ្ឋ​ផង​ដែរ ៕