ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ខេត្តកំពង់ឆ្នាំង មាន​ជាង​ ៥​ពាន់នាក់ អវត្តមាន​ជាង ៥០​នាក់

2 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ថ្ងៃ​ដំបូង​ត្រូវ​នឹង​ថ្ងៃ​ទី 10 ខែសីហា​ឆ្នាំ 2026 នៅ​ខេត្តកំពង់ឆ្នាំង​មាន​បេក្ខជន​ជាង ៥​ពាន់នាក់​បាន​ដាក់​ពាក្យ​ចូល​ប្រលង ក្នុង​នោះ​ស្រី​ជាង ២​ពាន់ នាក់ ។​នេះ​ជា​ការ​បញ្ជាក់​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​។

នៅ​ក្នុង​បើក​វិញ្ញាសា​ប្រឡង​នា​ព្រឹក​នោះ គេ​ឃើញ​វត្តមាន​លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ប៊ូ ជុំ​សិរី​  អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រមទាំង លោកគ្រូ​អ្នកគ្រូ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ច្រើន​រូប​ទៀត​។

ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជួប​សំណេះសំណាល​និង​ផ្ដាំផ្ញើ​ដល់​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ចូល​ប្រលង​ត្រូវ​ខិតខំ​តាំងស្មារតី​ឲ្យ​បាន​ដឹកនាំ​យកចំណេះ​ដឹង​ដែល​ខ្លួន​មាន មក​បំពេញ​វិញ្ញាសា​ប្រឡង​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​តក់ស្លុត ប្រឹង​ឱ្យ​អស់​សមត្ថភាព អ្វី​សំខាន់ សំណួរ​ណា​ដែល​ចេះ​ធ្វើ​មុន​ទើប​ជា​ការ​ប្រសើរ​។ មិន​ត្រូវ​មាន​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច លាក់​តាម​ខ្លួន​ចូល​ក្នុង​បន្ទប់​ប្រឡង​ឡើយ​។ បើ​អនុរក្ស​ចាប់​បាន​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ត្រូវ​ចាំ​ថាបើ​ចេះ​គឺ​ជាប់ ។​មួយវិញទៀត​សូម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ក្នុង​ពេល​ប្រឡង ចៀសវាង​ចំណីអាហារ​ដែល​នាំ​ឲ្យ​ឈឺពោះ​រាគ​រុស​ជាដើម​។

ជាមួយ​គ្នា​នោះ​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង ត្រូវ​ពង្រឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជុំវិញ​មិន​ដល់​ប្រឡង​ឲ្យ​បាន​ល្អ​ប្រសើរ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា បេក្ខជន​បាន​ដាក់​ពាក្យ​ប្រឡង​សញ្ញាបត្រ​ទុតិយៈភូមិ​ឆ្នាំ 2026 នេះ​មាន​ចំនួន 5053 នាក់ ក្នុង​នោះ​ស្រី 2,970 នាក់ ។​មណ្ឌល​ប្រឡង​មាន​ចំនួន 8 មណ្ឌល ចែក​ចេញ​ជា 203 បន្ទប់ ។

​បេក្ខជន​អវត្តមាន​មិន​មក​ប្រលង​មាន​ចំនួន​សរុប 54 នាក់ ស្រី 22 នាក់ ភាគច្រើន​ជា​បេក្ខជន​ស្វាយ​រិ​ន​និង​សាលា​បំពេញវិជ្ជា​រៀបរយ​ខេត្ត​ ៕