ខ្លះថាប៉ះពាល់ព្រៃឡង់ តែមន្ត្រីជំនាញថាមិនប៉ះពាល់ទេ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញបរិស្ថានខេត្តស្ទឹងត្រែងបានចុះស្រាវជ្រាវភ្លាមៗ និងបានទាត់ចោលព័ត៌មានដែលចែកចាយលើបណ្តាញសង្គម Facebook នាថ្មីៗនេះដោយអះអាងថា ទីតាំងដែលមានការឈូសឆាយដីខុសច្បាប់មួយកន្លែងនោះ មិនមែនស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ដូចការលើកឡើងនោះឡើយ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងចម្រុះរួមមាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ព្រះ សុភាក់ និងលោក រី សុខហេង សហការជាមួយកម្លាំងនៃបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមបណ្តាញសង្គម។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តឱ្យដឹងថា តាមរយៈការចុះពិនិត្យដល់ចំណុច អូរកាត់សោម ស្ថិតក្នុងភូមិកែស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមការងារបានរកឃើញ ទំហំដីដែលរងការឈូសឆាយ មានទទឹង ១៥ ម៉ែត្រ និងប្រវែង ៧០ ម៉ែត្រនៅជាប់នឹងចម្ការស្វាយចន្ទីចាស់របស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់ពីមន្ត្រីដដែលថា៖ផ្អែកលើការផ្ទៀងផ្ទាត់ទិន្នន័យភូមិសាស្ត្រ (GPS) ទីតាំងនេះ ស្ថិតនៅឃ្លាតឆ្ងាយពីតំបន់ការពារធម្មជាតិរហូតដល់ជិត២គីឡូម៉ែត្រ ដែលបញ្ជាក់យ៉ាងច្បាស់ថា មិនបានប៉ះពាល់ ដល់ ផ្ទៃដីដែនជម្រកសត្វព្រៃ «ព្រៃឡង់» នោះទេ។ហើយសកម្មភាពឈូសឆាយនេះទើបតែបានកើតឡើងក្នុងអំឡុង ៣ ថ្ងៃមុនពេលសមត្ថកិច្ចចុះទៅដល់។
ទាក់ទិនករណីខាងលើនេះមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសម្តែងនូវការអរគុណចំពោះសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានផ្តល់ព័ត៌មាន និងតម្រុយផ្សេងៗពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
ជាមួយគ្នានេះ ដែរអាជ្ញាធរបានគូសបញ្ជាក់ថា៖ កិច្ចសហការ និងការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋក្នុង «ស្មារតីខ្មែរតែមួយ» គឺជាកាតាលីករដ៏សំខាន់ក្នុងការជួយការពារព្រៃឈើ និងជីវៈចម្រុះ ដើម្បីឆ្ពោះទៅរកកម្ពុជាដែលមានភាពស្អាត ភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានស្នើសុំឱ្យសាធារណជនមេត្តាពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចែករំលែក ដើម្បីជៀសវាងការភាន់ច្រឡំដល់សង្គម៕






ចែករំលែកព័តមាននេះ