រាជធានីភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រកាសហាមឃាត់មិនឱ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង ហើយមិនថតបង្ហោះឡើយ ដើម្បីធានាការជឿទុកចិត្ត និងមិនឱ្យមានភាពរញ៉េរញ៉ៃ ។

វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា ។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាសន្លឹកក្រដាសចែកជូនបេក្ខជន ។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមជាមួយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌ លប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ដំណាក់ កាលសំណេរ គឺយើងហាមឃាត់មិនឱ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង ហើយមិនថត មិនឱ្យបង្ហោះដើម្បីធានាការជឿទុកចិត្ត ហើយដើម្បីធានាថា មិនឱ្យមានភាពរញ៉េរញ៉ៃ ។ ទីមួយ គឺសណ្ដាប់ធ្នាប់ ពង្រឹងវិន័យ មិនឱ្យមានភាពរញ៉េរញ៉ៃ ទីពីរ គឺយើងអនុវត្តម៉ឺងម៉ាត់បំផុតចំពោះករណីណារំលោ.ភទៅលើបទបញ្ជា» ។

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បន្ដថា ដំណាក់កាលកំណែ គឺក្រសួងអប់រំពង្រឹងការកែវិញ្ញាសា ដើម្បីឱ្យកាន់តែសុក្រិតភាព ហើយដំណាក់កាលបញ្ជូនពន្ទុ គឺពិនិត្យឡើងវិញម្ដងហើយម្ដងទៀត ។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប១៥១ ២៣៨ នាក់។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ៕

ចែករំលែកព័តមាននេះ