រថយន្តសាមុយប្រញាប់ដឹកអ្នកជំងឺពីខេត្តទៅភ្នំពេញ ក៏ជ្រុលទៅបុ.កជាមួយម៉ូតូមួយគ្រឿង ស្លា.ប់បុរសអ្នកបើក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាមុយរបស់មន្ទីរ សម្រាកព្យាបាល និង សម្ភព ឯកជនមួយគ្រឿងបើកលឿនប្រញាប់ដឹកអ្នកជំងឺទៅសង្គ្រោះ ក៏បើកវ៉ាជែងជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទី យប់ ថ្ងៃ ទី០៩ ខែ សីហា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1M-8004 ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្ដសាម៉ុយរបស់មន្ទីរសម្រាកព្យាបាល និង សម្ភព អង្គរ រាជ្យ ពាក់ផ្លាកលេខ ព្រៃវែង 2C-7707 បើកចេញពីខេត្តឆ្ពោះមកភ្នំពេញ ប្រញាប់ដឹកអ្នកជំងឺទៅសង្គ្រោះក៏បើក វ៉ាជែងលឿនជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសជាបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯរថយន្តសាមុយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងទាក់ទងទៅរថយន្តសង្គ្រោះមួយគ្រឿងទៀតមកសាងដឹកអ្នកជំងឺធ្វើដំណើរបន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដសាម៉ុយទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕









ចែករំលែកព័តមាននេះ