ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! មណ្ឌលប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៦​ទូ​ទាំង​ប្រទេស​ចាប់ផ្តើម​បើក​ដំណើរការ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ ដំណើរការ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង ១០ សីហា ឆ្នាំ​២០២៦ បាន​ចាប់ផ្តើម​ហើយ នៅ​ទូ​ទាំង​ប្រទេស​។

ពិធី​បើក​វិញ្ញាសារ ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ រាជធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃ​ទី ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦ ដោយ​មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៥១ ២៣៨ នាក់ ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ៣៧ ៤៤៥ នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ១១៣ ៧៩៣ នាក់​។ បេក្ខជន ត្រូវ​បាន​រៀបចំ​ចំនួន ២៥​នាក់ ក្នុង​មួយ​បន្ទប់ តាម​មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស​។

មណ្ឌល​សំ​ណេ​រ មាន​ចំនួន​សរុប​២៤៤​មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុង​នោះ ថ្នាក់​វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់​។ ចំណែកឯ មណ្ឌល​កំណែ មាន​ចំនួន​១០​មណ្ឌល ស្ថិត​នៅ​រាជធានី​ភ្នំពេញ​។

ទន្ទឹម​នឹង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ដើម្បី​តាមដាន ស្រាវជ្រាវ និង​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ការ​ហាមឃាត់​ស្តី​ពី​ការ​ថត ចម្លង បង្ហោះ ឬ​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា អត្រាកំណែ សន្លឹក​កិច្ចការ​បេក្ខជន និង​សន្លឹក​សម្រង់​ពិន្ទុ (MCS) ក្នុង​ដំណើរការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​៕