ទីក្រុងរីយ៉ាត៖ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ប្រកាសថាខ្លួនទើបតែវាយប្រហាររោងចក្ររបស់ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតឈ្មោះអារ៉ាមកូ (Aramco) នៅទីក្រុងចាហ្សាន (Jazan)។ ហេតុការណ៍នេះកើតឡើង២ថ្ងៃបន្ទាប់ពីអារ៉ាប៊ីសាអូឌីតចុះហត្ថលេខាត្រីភាគីលើកិច្ចព្រមព្រៀងការពារជាតិជាមួយតួកគី និងប៉ាគីស្ថានដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ប្រែប្រួលដែលកើតមានសង្គ្រាមអ៊ីរ៉ង់ និងធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ស្របពេលដែលអ៊ីរ៉ង់ និងអាមេរិកនិយាយមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងការចរចាសន្តិភាព ក្រុមហ៊ូទីប្រកាសបិទច្រកសមុទ្រហ័រម៉ូស និងបិទដែនសមុទ្រអារ៉ាប៊ីសាអូឌីត។ ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហ៊ូទីនោះ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតទទួលស្គាល់ថាពិតជាមានភ្លើងឆេះរោងច្រកចម្រាញ់ប្រេងមែន។ ក្រុមអគ្គិភ័យអាចពន្លត់បានសម្រេចដោយមិនមាននរណាម្នាក់រងរបួសទេ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថាភ្លើងឆេះដោយសារមូលហេតុអ្វីឡើយ។ អ្នកនាំពាក្យក្រុមហ៊ូទី លោកយ៉ាយ៉ា សារី (Yahya Saree) បង្ហោះសារនៅលើបណ្ដាញអ៊ិចថាក្រុមរបស់លោកបានប្រើប្រាស់ដ្រូនមួយគ្រឿងវាយប្រហាររោងចក្រនោះ។

ពួកគេធ្លាប់វាយប្រហាររោងចក្ររបស់ក្រុមហ៊ុនអារ៉ាមកូនៅទីក្រុងចាហ្សានតាំងពីមុននេះទៅទៀត។ ទីនេះអាចចម្រាញ់ប្រេងក្នុងមួយថ្ងៃៗ៤សែនបារ៉ែល។ ពួកគេធ្លាប់វាយប្រហាររោងច្រកនៅយ៉ាន់ប៊ូ (Yanbu) នៃសមុទ្រក្រហម ហើយក៏ធ្លាប់បញ្ជូនមីស៊ីល និងដ្រូនទៅវាយប្រហារទីក្រុងកំពង់ផែម៉ូឆា (Mocha) នៃប្រទេសយ៉េម៉េនផងដែរ។ នេះបើយោងតាមការអះអាងរបស់លោកសារីនៅក្នុងសេចក្ដីប្រកាសដាច់ដោយឡែកមួយទៀត។ ទីក្រុងនេះគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉េនដែលគាំទ្រដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ ប្រភពបីនាក់របស់រដ្ឋាភិបាលយេម៉េនប្រាប់ថាប្រព័ន្ធការពារដែនអាកាសតាមប្រមាញ់ដ្រូនជាច្រើនគ្រឿងដែលបញ្ជូនដោយក្រុមហ៊ូទីទៅវាយប្រហារសង្កាត់ជំនួញ និងឃ្លាំងទំនិញនៅកំពង់ផែនោះ។

លោកសារីថ្លែងថាក្រុមហ៊ូទីមានគោលដៅវាយប្រហារទាហានអារ៉ាប៊ីសាអូឌីត និងឃ្លាំងអាវុធរបស់ពួកគេនៅក្នុងតំបន់នោះ។ អ៊ីរ៉ង់ និងចលនាប្រដាប់អាវុធនិកាយស៊ីអាយនៅក្នុងតំបន់មជ្ឈិមបូព៌ាបន្តវាយប្រហារអារ៉ាប៊ីសាអូឌីត និងរដ្ឋដទៃទៀតនៅឈូងសមុទ្រ ហើយបិទខ្ទប់មិនឱ្យប្រទេសទាំងនោះនាំចេញថាមពលទេចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់។ នាយកប្រតិបត្តិក្រុមហ៊ុនអារ៉ាមកូ លោកអាមីន ណាស៊ែ (Amin Nasser) ថ្លែងកាលពីសប្ដាហ៍មុនថាការវាយប្រហារកាលពីពេលថ្មីៗនេះទៅលើទីតាំងផលិតថាមពលរបស់ក្រុមហ៊ុនលោកបានបង្កការរំខានខ្លះៗពិតមែន។ ក៏ប៉ុន្តែលោកនៅតែមានទំនុកចិត្តថាសង្វាក់ផលិតកម្មអាចនឹងដំណើរការដូចធម្មតាឡើងវិញ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ