ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ ខណៈដែលប្រើល្បិចខ្ចីម៉ូតូជិះមួយភ្លែត បែរជាយកទៅលក់នៅភ្នំពេញបានលុយចំនួន៣០០ដុល្លារ ដើរលេងសប្បាយចាយលុយអស់ ។

នគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បាននិយាយបន្តឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាន់សែន បានទទួលពាក្យបណ្ដឹងពីឈ្មោះ ភឺន កុសល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ បានប្ដឹងទៅលើជនសង្ស័យឈ្មោះ អ៊ឹម អឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នៅក្នុងពាក្យបណ្ដឹងរបស់យុវជនជាម្ចាស់ម៉ូតូថា កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅជនសង្ស័យខាងលើឈ្មោះ អ៊ឹម អឿន បានឲ្យរូបខ្លួនជូនទៅផ្ទះដោយជិះចេញពីចំណុចភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ទៅផ្ទះរបស់គេនៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ពេលជិះមកតាមផ្លូវស្រាប់តែ ឈ្មោះ អ៊ឹម អឿន បានធ្វើជាខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1W- 2704 ដោយបានប្រាប់ថា ខ្ចីទៅនោះមួយភ្លែត ហើយក៏ជិះទៅបាត់ទៅ រហូតមិនឃើញជិះត្រឡប់យកមកឲ្យវិញ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

នគរបាលស្រុកសាមគ្គីមុនីជ័យ បានបន្ថែមឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងនៅ វេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបានស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ យកមកសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូពីឈ្មោះ ភឺន កុសល ពិតប្រាកដមែន ហើយបានយកម៉ូតូខាងលើនោះ ទៅលក់នៅ រាជធានីភ្នំពេញ បានលុយចំនួន៣០០ដុល្លារ ហើយក៏បានយកលុយនោះទៅចាយស៊ីផឹកចូលខារ៉ាអូខេ និងទិញគ្រឿងញៀនយកមកជក់អស់ហើយ ។
នគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាក់ឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ