ឯកឧត្តម គង់ គឹមនី ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពប្រធាន អនុប្រធាន និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្តមណ្ឌលគិរី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ព្រមទាំងបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគម ជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្តល់នូវអនុសាសន៍ និងប្រសាសន៍ផ្តាំផ្ញើទិសដៅការងារសំខាន់ៗដល់គណៈកម្មាធិការ អ.ន.ក. ខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ខ្ពស់ចុះស្រង់ទិន្នន័យ ពិនិត្យ និងក្តាប់ឱ្យបានជាប់នូវស្ថានភាពជីវភាព សុខភាព និងការរស់នៅជាក់ស្តែងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលជួបការខ្វះខាត ឬមានជំងឺ ដើម្បីអន្តរាគមន៍ជួយឧបត្ថម្ភបានទាន់ពេលវេលា។ត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំដីធ្លី និងសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះខាតដីធ្លី និងជម្រកពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ គោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចចិត្តនានារបស់មហាសន្និបាតវិសាមញ្ញ អ.ន.ក.។ ធ្វើជាសេនាធិការដ៏ល្អ រក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ពង្រឹងការដឹកនាំ និងរៀបចំបង្កើតលេខាធិការដ្ឋាន ឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយការងារប្រចាំថ្ងៃ។ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារអតីតយុទ្ធជន ជាពិសេសសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ជាពិសេស អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យមានប្រសិទ្ធភាពខ្ពស់៕













ចែករំលែកព័តមាននេះ