ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ឧ​ទ្យា​នុ​រក្ស​​បង្ក្រាប​​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់ ៤ កន្លែង​នៅ​ខេត្តព្រះវិហារ និង​ដកហូត​វត្ថុ​តាង​ជា​ច្រើន

3 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រកសត្វព្រៃ​ឆែប​-​ព្រះ​រការ និង​គូលែន​-​ព្រហ្ម​ទេព សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​ចំនួន ៤ កន្លែង ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦​។

លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ទីតាំង​ទាំង ៤ កន្លែង មាន​ទីតាំង​ចំនួន ០១ កន្លែង​កំពុង​ដំណើរការ​សកម្មភាព​ល្មើស​យ៉ាង​សកម្ម ខណៈ ០៣ ទីតាំង​ទៀត​បាន​ផ្អាក​សកម្មភាព​។ ជា​រួម កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន ឈើ​អារ​ចម្រុះ (​ជ្រៀក​រួច​)៖ ចំនួន​1,464​ម៉ែត្រគូបត្រីគុណ .​ឈើ​ដើម​ច្រ​ម៉ាស​មូល (​ប្រវែង ២​ម​, មុខកាត់ ១០-១៥​សម​) ចំនួន ២៤ ដុំ​.​គោ​យន្ត​កន្ត្រៃ ចំនួន ០២ គ្រឿង​.​ម៉ាស៊ីន​ជ្រៀក​ឈើ ចំនួន ០១ គ្រឿង .​កង់យោងអូស​ផ្លែ​ជ្រៀក និង​ជើង​ម៉ែត្រ​តាប ចំនួន ០១ កញ្ចប់​។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ប្រមូល និង​ដឹកជញ្ជូន​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ ស្នាក់​ការ​អូរ​កក់​» ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​។

ពាក់ព័ន្ធ​ករណី​ខាងលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ដាស់តឿន និង​ក្រើនរំលឹក​យ៉ាង​ម៉ឺងម៉ាត់​ដល់​ជន​ខិលខូច​ទាំងឡាយ ដែល​កំពុង​ប្រព្រឹត្ត ឬ​មាន​បំណង​ប្រព្រឹ​ត្តបទ​ល្មើស​ព្រៃឈើ ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់។

មន្ត្រី ជំ​បាញ​បាន​លើក​ឡើង​ថា​៖​ផ្អែក​តាម ច្បាប់​ស្តី​ពី​ព្រៃឈើ និង ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​៖​ការ​កាប់​បំផ្លាញ ឬ​បង្កើត​សិប្បកម្ម​កែ​ច្នៃ​ឈើ​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ពន្ធនាគារ​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ (​ឬ​រហូត​ដល់ ៥ ឆ្នាំ ដល់ ១០ ឆ្នាំ ចំពោះ​បទល្មើស​ធ្ងន់ធ្ងរ​)​។

ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​យ៉ាងធ្ងន់ធ្ងរ រួម​ទាំងការ​រឹបអូស​រាល់​សម្ភារ មធ្យោបាយ​ធ្វើ​សកម្មភាព និង​ផល​-​ផលិតផល​ព្រៃឈើ​ទាំងអស់​ជា​សម្បត្តិ​រដ្ឋ ដោយ​គ្មាន​ការ​លើកលែង​។

សមត្ថកិច្ច និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​អះអាង​ថា នឹង​បន្ត​ចុះ​ល្បាត ស្រាវជ្រាវ និង​បង្ក្រាប​រាល់​បទល្មើស​ធនធាន​ធម្មជាតិ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​គ្មាន​ការ​យោគយល់ ដើម្បី​ការពារ និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​ឱ្យ​បាន​គង់វង្ស​៕