ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​និទ្ទេស​A​​ មួយរូប​ ​នៅ​ខេត្តមណ្ឌលគិរី ​ជីវភាពខ្វះខាត​ខ្លាំង​​ពុំមានលទ្ធភាព​បន្ត​​ការ​សិក្សា​​នៅ​​មហាវិទ្យាល័យ ត្រូវ​បាន​សម្តេច​តេ​ជោ​ជួយទំនុកបម្រុង

3 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចុះ​ជួប​សិស្ស​និទ្ទេស​A​សម័យ​ប្រឡង​ឆ្នាំ​២០២៥ ដល់​លំនៅ​ឋាន នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា នា​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៦ ក្រោយ​ទទួល​បាន​ដំណឹង​ពី​ការ​ខ្វះខាត​ជីវភាព​ខ្លាំង ដែល​តម្រូវ​ឲ្យ​នាង​ត្រូវ​ខកខាន​ការ​សិក្សា​បន្ត​ទៅ​មហាវិទ្យាល័យ ហើយ​មាន​បន្ទុក​ជួយ​ធ្វើការ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ជាមួយ​ម្តាយ និង​ប្អូនប្រុស​ស្រី​ពីរ​នាក់​ទៀត​ក្នុង​បន្ទុក ខណៈ​ឪពុក​បាន​ទៅ​រស់​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ ។

ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី មាន​ប្រសាសន៍​ថា ក្រោយ​ទទួល​ដំណឹង​អំពី​យុវតី​ឈ្មោះ វ៉ា​ន ឈុ​ន​លាង សិស្ស​និ​ទេ​ស្ទ​A​សម័យ​ប្រឡង​កាលពី​ឆ្នាំ​២០២៥ ដែល​កំពុង​រស់នៅ​ក្នុង​ជីវភាព​លំបាក និង​ដោយ​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹ​ទ្ឋ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​អាជ្ញាធរ​ត្រូវ​អន្តរាគមន៍​បន្ទាន់ ជួយ​សម្របសម្រួល​ដល់​យុវតី ឈុ​ន​លាង បាន​រៀប​ចប់​នូវ​ជំនាញ​ដែល​ក្មួយ​ស្រី​ចង់​រៀន ដោយ​ទទួល​បានការ​ទំនុប​បម្រុង​ទាំងស្រុង​ពី​សម្តេច ដើម្បី​ឱ្យ​ក្មួយ​ស្រី​អាច​សម្រេច​បាន​អនាគត​ល្អ និង​ក្លាយជា​សសរទ្រូង​របស់​ប្រទេស​ជាតិ​។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា នេះ​គឺជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​ក្រឡែត ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ស្តង់ដារ​នៃ​ការ​យកចិត្តទុកដាក់ និង​គុណ​បំណាច់​ដ៏​ធំធេង​ស្តែង​ចេញពី​បេះដូង​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​ជា​និច្ចកាល​តែងតែ​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​ផ្តល់​ឱកាស​ស្មើ​ៗ​គ្នា​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស ដែល​ជា​យុវជន​បន្តវេន​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ព្រមទាំង​មាគ៌ា​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ ហ៊ុន សែន មិន​ដែល​បោះបង់​ចោល​ក្មួយ​ៗ​សិស្ស​ពូកែ ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​រៀនសូត្រ តែ​ត្រូវ​ជួប​ឧបសគ្គ​ជីវភាព​គ្រួសារ​ខ្វះខាត​នោះ​ឡើយ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ថា គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​ការ​កសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស​។ ដូច្នេះ រាល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ តែងតែ​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ផ្នែក​អាហារូបករណ៍ ថវិកា ព្រមទាំង​ការ​សម្របសម្រួល​គ្រប់​បែប​យ៉ាង ដើម្បី​ធានា​ថា​គ្មាន​សិស្ស​ពូកែ​ណា​ម្នាក់​ត្រូវ​បោះបង់​ចោលការ​សិក្សា​ពាក់កណ្តាល​ទី ដោយសារ​តែ​បញ្ហា​ក្រ​ក្ស​ត់​នោះ​ឡើយ​។ ការ​ជួយ​ជ្រោមជ្រែង​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​ផ្លាស់​ប្តូរ​វាសនា​របស់​យុវតី វ៉ា​ន ឈុ​ន​លាង និង​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បង្កើត​នូវ​សង្ឃឹម​ថ្មី និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ដើម្បី​អនាគត​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ យុវតី វ៉ា​ន ឈុ​ន​លាង ព្រមទាំង​អាណាព្យាបាល និង​ក្រុម​គ្រួសារ បាន​សម្តែង​នូវ​ក្តី​រំភើប​ឥត​ឧបមា រហូត​ស្រក់​ទឹកភ្នែក និង​បាន​លំឱនកាយ​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ក្តី​មេត្តាករុណា​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ដែល​បាន​លូកដៃ​ជួយ​សង្គ្រោះ​ក្តី​ស្រមៃ​សិក្សា​របស់​នាង​ឱ្យ​រស់​ឡើង​វិញ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម គង់ គឹ​ម​នី និង​ក្រុមការងារ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ទាំងអស់ ដែល​បាន​ចុះ​អន្តរាគមន៍ និង​យកចិត្តទុកដាក់​ដល់​ផ្ទះ​បែប​នេះ​។

យុវតី វ៉ា​ន ឈុ​ន​លាង បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​អស់ពី​សមត្ថភាព​នៅ​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​យកចំណេះ​ដឹង​មក​អភិវឌ្ឍន៍​ស្រុក​កំណើត និង​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ជាតិ​៕