ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក ខេត្តមណ្ឌលគិរី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការខេត្ត
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន និងសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី។ ។ដោយនៅក្នុងឱកាសនោះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានប្រកាសទទួលស្គាល់ ឯកឧត្តម ថង សាវុន ជាប្រធានកិត្តិយស និង ឯកឧត្តម គង់ គឹមនី ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗដល់សមាជិក សមាជិកា ទាំងអស់ឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព ពង្រីកកម្លាំងយុវជនដោយមិនប្រកាន់និន្នាការ ខិតខំបណ្តុះបណ្តាលសមត្ថភាព និងជំនាញវិជ្ជាជីវៈដល់យុវជនឱ្យទាន់យុគសម័យឌីជីថល ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម មនុស្សធម៌ បរិស្ថាន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងរួមគ្នាក្រសោបថែរក្សាសុខសន្តិភាព និងសមិទ្ធផលសង្គមជាតិ។
ឯកឧត្តមបន្តថា ក្រុមការងារទាំងអស់ត្រូវបន្តបំផុសចលនាការងារស្ម័គ្រចិត្ត ការបរិច្ចាគឈាមសង្គ្រោះជីវិត ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការថែរក្សាអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់មុខមាត់ និងសក្តានុពលទេសចរណ៍នៅក្នុងខេត្ត។ត្រូវរួមគ្នាយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារសន្តិភាព ស្ថិរភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់ទង្វើ ឬសកម្មភាពណាដែលប៉ះពាល់ដល់សុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជាតិ។
ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទូទាំងខេត្ត សូមគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
ឯកឧត្តមបានប្តេជ្ញាចិត្តយ៉ាងមុតមាំជំរុញ និងគាំទ្រយុវជនក្នុងការបណ្តុះបណ្តាលសមត្ថភាព ជំនាញវិជ្ជាជីវៈ មុខរបរ និងបំណិនជីវិត ដើម្បីឱ្យយុវជនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសការងារក្នុងយុគសម័យសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងការរក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សុខសន្តិភាព។ ជំនួសមុខថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តមណ្ឌលគិរី ទាំងអស់ មាននូវជំនឿចិត្ត និងការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រែក្លាយរាល់អនុសាសន៍ និងផែនការសកម្មភាពទាំងនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែង ដើម្បីបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនតទៅមុខ៕





















ចែករំលែកព័តមាននេះ