ប្រទេសចិន ៖ អាកាសយានដ្ឋានទាំង ២ របស់ទីក្រុងស៊ាងហៃ (Shanghai) ប្រទេសចិន បានលុបចោលជើងហោះហើរជាង ១ ៣០០ ជើង ហើយអាជ្ញាធរបានជម្លៀសប្រជាជនជាង ៣០ ម៉ឺននាក់ក្នុងតំបន់ជុំវិញនោះ ខណៈពេលដែលប្រទេសចិនកំពុងតែត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុងដុលហ្វីន (Dolphin) បន្ទាប់ពីព្យុះនេះបាននាំភ្លៀងធ្លាក់ខ្លាំងដល់ភាគខាងជើងកោះតៃវ៉ាន់។ នេះបើតាមប្រភពពីសារព័ត៌មាន AsiaOne ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដោយស្រង់ប្រភពពី AP។
ឥទ្ធិពលខាងក្រៅនៃព្យុះនេះ កាលពីថ្ងៃទី៨ ខែសីហា បានវាយប្រហារភាគខាងជើងកោះតៃវ៉ាន់ រួមទាំងទីក្រុងតៃប៉ិផងដែរ ដោយនាំមកនូវបរិមាណទឹកភ្លៀងធ្លាក់ខ្លាំង។ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់មួយចំនួនក៏បានលុបចោលជើងហោះហើរទៅកាន់ប្រទេសចិននាថ្ងៃទី៩ ខែសីហានេះដែរ។
គិតត្រឹមថ្ងៃទី៩ ខែសីហា ល្បឿននៃខ្យល់បោកបក់ជាអតិបរមារបស់ព្យុះនេះ ត្រូវបានប៉ាន់ប្រមាណថា ប្រហែល ១៦២ គីឡូម៉ែត្រក្នុង១ម៉ោង វាបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កើតហានិភ័យគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក៏ដូចជា ការបាក់ដី ហើយត្រូវបានរំពឹងថានឹងវាយប្រហារខេត្តហ្សឺជាំង (Zhejiang) និងផ្នែកខាងជើងនៃខេត្តហ្វូជៀន (Fujian) ដែលនៅជិតខាងគ្នា។ អ្នកជំនាញអាកាសធាតុនៅក្នុងប្រទេសចិនបានព្យាករថា តំបន់ទាំងនោះអាចមានភ្លៀងធ្លាក់ពី ២០០-៤០០ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលអាជ្ញាធរកំពុងព្រមានអំពីហានិភ័យនៃការបាក់ដីធ្ងន់ធ្ងរក្នុងខេត្តហ្សឺជាំងផងដែរ។
យោងតាមសារព័ត៌មានរដ្ឋទីក្រុងស៊ាងហៃ (The Paper) បានឱ្យដឹងថា អាកាសយានដ្ឋានហុងឆាវ (Hongqiao) និងពូដុង (Pudong) របស់ទីក្រុងនេះ បានលុបចោលជើងហោះហើរដែលបានគ្រោងទុកសម្រាប់ថ្ងៃអាទិត្យប្រហែល ៦០% ផងដែរ។
កាលពីល្ងាចទី៨ ខែសីហា កន្លងទៅ អាជ្ញាធរនៅក្នុងខេត្តហ្សឺជាំងបានជម្លៀសប្រជាជនប្រហែល ៣៩០ ០០០ នាក់ក្នុងទីក្រុងតៃចូវ (Taizhou) បានផ្អាករាល់សកម្មភាពតាមផ្លូវទឹកទាំងអស់ផងដែរ រួមទាំងកាណូតចម្លង និងនាវាទេសចរណ៍។ ជាមួយគ្នានោះដែរ អាជ្ញាធរនៅទីក្រុងស៊ាងហៃក៏បានជម្លៀសមនុស្សជាង ៣ ម៉ឺននាក់ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ផងដែរ៕


ចែករំលែកព័តមាននេះ