ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់និយាយច្បាប់ ប៉ុន្តែសកម្មភាពរំលោ.ភច្បាប់ ! កម្ពុជាដេញដោលថៃជុំវិញជីវិតជនស៊ីវិល និងការបំផ្លិចបំផ្លាញ

2 ខែ មុន

ពាក្យ​ទំនៀម​ខ្មែរ​ពោល​ថា «​ភូត​ច្រើន ចាញ់​អាត្មា​» ។ ការ​ភូត​កុហក ការ​បដិសេធ និង​ការ​បង្វែរ​ការ​ពិត​ម្តង​ហើយ​ម្តងទៀត មិន​អាច​ធ្វើ​ឱ្យ​អំពើ​ខុស​ក្លាយជា​ត្រឹមត្រូវ​បាន​ឡើយ ។ ផ្ទុយ​ទៅ​វិញ វា​កាន់តែ​បង្ហាញ​ថា អ្នក​និយាយ​មិន​មាន​អ្វី​ជា​អំណះអំណាង​ក្រៅពី​ការ​ទន្ទេញ​ពាក្យពីរោះ​ដូច​ជា «​វិជ្ជាជីវៈ​» «​ភាព​ចាំបាច់​» «​សមាមាត្រ​» និង «​ការ​គោរព​ច្បាប់​អន្តរជាតិ​» ខណៈ​សកម្មភាព​ជាក់ស្តែង​វិញ​ផ្ទុយ​ស្រឡះ​ពី​ពាក្យ​ដែល​បាន​ប្រកាស ។ នេះ​បើ​យោង​តាម​លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​៨ ខែសីហា​នេះ ។

នេះ​ហើយ​ជា​អ្វី​ដែល​ខ្មែរ​យើង​ហៅ​ថា «​មាត់​ជា​ទេវតា ចិត្តជា​ទេវទត្ត »៖ មាត់​និយាយ​ពី​ច្បាប់ ប៉ុន្តែ​សកម្មភាព​រំលោភច្បាប់​; មាត់​និយាយ​ពី​វិជ្ជាជីវៈ ប៉ុន្តែ​អំពើ​ដែល​បាន​ប្រព្រឹត្ត​បន្សល់​ទុក​ការ​ស្លាប់ ការ​រង​របួស ការ​បំផ្លិចបំផ្លាញ និង​ការ​បង្ខំ​ឱ្យ​ជន​ស៊ី​វិល​រាប់​សែន​នាក់​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន​។

ក្នុង​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​យក​ផែនទី​ឯកតោភាគី ដែល​គូស​ដោយ​ខ្លួនឯង​មក​ធ្វើ​ជា​មូលដ្ឋាន យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើ​កម្ពុជា ក្នុង​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​ធំ​ទាំង​ពីរ​លើក គឺ​ថ្ងៃ​ទី​២៤ ខែកក្កដា និង​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ។ កាលបរិច្ឆេទ​ទាំងនេះ មិន​អាច​លុប​ចេញពី​កំណត់​ត្រា​ប្រវត្តិសាស្ត្រ និង​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​បាន​ឡើយ ។

អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ គឺ​ផលវិបាក​នៃ​ការ​វាយប្រហារ​បាន​ធ្លាក់​ទៅ​លើ​ទីតាំង​ស៊ី​វិល​ជា​ច្រើន ៖ វត្ត​អារាម ប្រាង្គ​ប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្ពាន ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល​ផ្សេង​ៗ ។ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​ឈូស​កម្ទេច បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ។

ដូច្នេះ សំណួរ​ដែល​យោធា​ថៃ ត្រូវ​ឆ្លើយ​មិនមែន​ថា តើ​ខ្លួន​អាច​ប្រើ​ពាក្យ «​វិជ្ជាជីវៈ​» បាន​ប៉ុន្មាន​ដង​ទៀត​នោះ​ទេ ។ សំណួរ​ពិត គឺ​៖ តើ​ជន​ស៊ី​វិល កុមារ ស្ត្រី មនុស្ស​ចាស់ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ក្លាយជា​គោលដៅ​យោធា​ដោយ​របៀប​ណា?

បើ​យោធា​ថៃ អនុវត្ត​ប្រតិបត្តិការ​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ តើ​ហេតុ​អ្វី​បានជា​ជន​ស៊ី​វិល​កម្ពុជា ៣២​នាក់ បាត់បង់​ជីវិត និង​ជិត​១០០ នាក់​រង​របួស0x017d7 តើ​ហេតុ​អ្វី​បានជា​ប្រជាពលរដ្ឋ​រហូត​ដល់​ប្រមាណ​៦៥០,០០០ នាក់ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​នៅ​កម្រិត​ខ្ពស់​បំផុត​នៃ​វិបត្តិ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មាន​ជនភៀសសឹក​ជាង​២០,០០០ នាក់​ទៀត ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ ភូមិដ្ឋាន និង​ជីវភាព​ធម្មតា​របស់​ខ្លួន​វិញ​បាន0x017d7

នេះ​មិនមែន​ជា​សំណួរ​នៃ​វោហារសាស្ត្រ​ទេ ។ នេះ​ជា​សំណួរ​នៃ​ការ​ទទួលខុសត្រូវ​។ បើ​ភាគី​ថៃ​ពិតជា​គោរព​ច្បាប់​អន្តរជាតិ និង​គោរព​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះហត្ថលេខា នោះ​វិធី​បង្ហាញ​ភាព​ស្មោះត្រង់​មិនមែន​តាម​រយៈ​សេចក្តីថ្លែងការណ៍​បដិសេធ​ទេ ប៉ុន្តែ​តាម​រយៈ ការ​អនុវត្ត​ជាក់ស្តែង ៖ ដក​កុងតឺន័រ ដក​លួស​បន្លា បើកផ្លូវ និង​បញ្ឈប់​រាល់​សកម្មភាព​ដែល​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​គេ ។

សិទ្ធិ​របស់​ជនភៀសសឹក​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​របស់​ខ្លួន​ដោយ សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ មិនមែន​ជា​អំណោយ​ដែល​ភាគី​ណាមួយ​អាច​ផ្តល់ ឬ​ដកហូត​តាម​ចិត្តបាន​ឡើយ ។ វា​ជា​គោលការណ៍​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ ដែល​ត្រូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ដោយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ។

បើ​ចង់​បង្ហាញ​ថា ខ្លួន​គោរព​ច្បាប់​ពិតប្រាកដ ភាគី​ថៃ​ក៏​ត្រូវ​អនុវត្ត​ដោយ​ស្មោះត្រង់​នូវ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជំរុញ​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន តាម​យន្តការ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង ដោយ​មិន​បន្ត​ពន្យារពេល មិន​បង្កើត​លេស​ថ្មី​ៗ និង​មិន​ប្រើ​សកម្មភាព​ឯកតោភាគី​ដើម្បី​បង្កើត «​ការ​ពិត​នៅ​លើ​ដី​» ។

សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​ដោះស្រាយ​ព្រំដែន​ត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដែល​មាន​សុពលភាព រួម​មាន​អនុសញ្ញា និង​សន្ធិសញ្ញា​បារាំង​–​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ និង​លទ្ធផល​នៃ​ការ​កំណត់ព្រំដែន​ដែល​ជា​កេរតំណែល​រដ្ឋ ។ ផែនទី​ឯកតោភាគី​ដែល​ភាគី​មួយ​គូស​ដោយ​ខ្លួនឯង មិន​អាច​ជំនួស​សន្ធិសញ្ញា មិន​អាច​បង្កើត​អធិបតេយ្យភាព និង​មិន​អាច​ប្រែក្លាយ​ទឹកដី​របស់​អ្នក​ដទៃ​ទៅ​ជា​ទឹកដី​របស់​ខ្លួន​បាន​ឡើយ ។

ច្បាប់​ត្រូវ​យក​មក អនុវត្ត មិនមែន​យក​មក​តុបតែង​សេចក្តីថ្លែងការណ៍ ។ វិជ្ជាជីវៈ​ក៏​ដូច​គ្នា ។ វិជ្ជាជីវៈ​មិនមែន​ជា​ស្លាក​ដែល​កងទ័ព​អាច​បិទ​លើ​ខ្លួនឯង ហើយ​ប្រកាស​ថា ខ្លួន​មាន​នោះ​ទេ ។ វា​ត្រូវ​បាន​វាស់វែង​តាម​រយៈ​អំពើ ៖ ការ​គោរព​ច្បាប់​អន្តរជាតិ ការ​ការពារ​ជន​ស៊ី​វិល ភាព​ចាំបាច់ និង​សមាមាត្រ​ពិតប្រាកដ តម្លាភាព គណនេយ្យ​ភាព និង​ការ​ទទួលខុសត្រូវ​ចំពោះ​ផលវិបាក​នៃ​សកម្មភាព​របស់​ខ្លួន ។

ហើយ​នៅ​ពេល​សកម្មភាព​ជាក់ស្តែង​បន្សល់​ទុក​រណ្តៅ​គ្រាប់បែក សំណង់​ស៊ី​វិល​ខូចខាត ផ្ទះសម្បែង​ត្រូវ​បំផ្លាញ ជន​ស៊ី​វិល​ស្លាប់ និង​របួស និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន នោះ​ការ​ទន្ទេញ​ពាក្យ «​វិជ្ជាជីវៈ​» ឬ «​គោរព​ច្បាប់​» រាប់រយ​ដង ក៏​មិន​អាច​លុប​ភស្តុ​តាង​ទាំងនោះ​បាន​ដែរ​។ ការ​ពិត​មិន​ខ្លាច​ការ​បដិសេធ​។ ភស្តុ​តាង​មិន​រលាយ​ដោយសារ​សេចក្តីថ្លែងការណ៍​។ ហើយ​ច្បាប់​មិន​អាច​ត្រូវ​បាន​ជំនួស​ដោយ​ការ​ភូត​កុហក​។

បើ​ចង់​បង្ហាញ​ថា​ខ្លួន​គោរព​ច្បាប់ សូម​គោរព​វា​ដោយ​សកម្មភាព ។ បើ​ចង់​បង្ហាញ​ថា ខ្លួន​មាន​វិជ្ជាជីវៈ សូម​បង្ហាញ​វា​ដោយ​ការ​ទទួលខុសត្រូវ ។
បើ​ចង់​និយាយ​ពី​សន្តិភាព សូម​ចាប់ផ្តើម​ពី​ការ​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​។ ព្រោះ​នៅ​ទីបំផុត ភស្តុ​តាង​មាន​ទម្ងន់​ធ្ងន់​ជាង​សេចក្តី​បដិសេធ ការ​អនុវត្ត​មាន​តម្លៃ​ជាង​ពាក្យ​សម្តី ហើយ​ការ​ពិត​តែងតែរ​ស់បាន​យូរ​ជាង​ការ​ភូត​កុហក​៕