អគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ខាតបង់គិតជាទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារ
- បាត់ដំបង
ខេត្តបាត់ដំបង៖ លំនៅឋានដ៏ធំមួយខ្នង ដែលធ្វើអំពីឈើលើ ថ្មក្រោម ត្រូវបានព្រះអគ្គីលេបយកអស់គ្មានសល់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ០៨ សីហា នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ដែលខ្លះថា ទុស្សេចរន្តអគ្គីសនី រីឯខ្លះទៀតថា ផ្ដើមចេញពីភ្លើងធួប។
សមត្ថកិច្ចបានរាយការណ៏ថា ម្ចាស់ផ្ទះឈ្មោះ វែន អុក ភេទស្រីអាយុ៧០ឆ្នាំ។ ផ្ទះរបស់គាត់សាងសង់ពីឈើផ្នែកខាងលើ ប្រក់ស័ង្កសី រីឯផ្នែកខាងក្រោមធ្វើពីថ្ម ដែលមានទំហំ ០៩ម៉ែត្រ x១១ម៉ែត្រ ។ អគ្គីភ័យបានចាប់ផ្ដើមពីផ្នែកខាងលើមុន ហើយបានបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង។
មានការអះអាងផ្ទុយគ្នា ចំពោះដើមចមដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើង។
អ្នកភូមិ ឬ សាក្សី ដែលចូលជួយអន្តរាគមន៏បាននិយាយថា អគ្គីភ័យនេះផ្ដើមចេញពី«ភ្លើងធួប» ដែលម្ចាស់ផ្ទះបានដុតនៅលើផ្ទះ ប៉ុន្តែផ្ទុយពីការលើកឡើងនេះ របាយការណ៏សមត្ថកិច្ច ដែលទំនងស្រង់សម្ដីម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចថា អគ្គីភ័យនេះទំនងផ្ដើមចេញពីការទូស្សេខ្សែចរន្តអក្គីសនីនៅខាងលើផ្ទះ។ ដូច្នេះហើយទើបអណ្ដាតភ្លើងឆេះយ៉ាងខ្លាំងនៅក្នែកខាងលើ។ ប៉ុន្តែយ៉ាងណា គេឃើញអ្នកភូមិរាប់សិបនាក់បានប្រឹងប្រែងជួយពន្លត់ភ្លើងដ៏កាចសាហាវនេះ មុនពេលរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចចូលដល់អន្តរាគមន៏។
បើតាមសាក្សី បាននិយាយថា ដោយសារតែភ្លើងឆេះខ្លាំងមុនដំបូងនៅខាលើផ្ទះ ដែលនាំឲ្យមានការលំបាកក្នុងការប្រើទឹកជះពន្លត់ ទើបគេមិនអាចទប់ទល់បាន។ កម្លាំងព្រះអគ្គី ឆេះកាន់តែខ្លាំងរាល់ចុះមកខាងក្រោយ សូម្បីតែរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ច ក៏ពិបាកក្នុងការជួយបាញ់ទឹកពន្លត់ដែរ។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិទាំងអស់ ទាំងនៅខាងលើ និង នៅចាន់ខាងក្រោម ត្រូវអគ្គីភ័យលេបយកអស់ស្ទើរទាំងស្រុង។ បើតាមម្ចាស់ផ្ទះរងគ្រោះបានបញ្ជាក់ថា ក្រៅពីខូចខាតអស់ផ្ទះដ៏ធំ០១ខ្នង ទ្រព្យសម្បត្តិ សម្ភារៈប្រើប្រាសនានា និង ម៉ូតូ០១គ្រឿងក៏ក្លាយជាផេះដែរ បើគិតជាទឹកប្រាក់អស់ប្រមាណជា ០៥ ម៉ឺនដុល្លាអាមេរិក តែពុំមានគ្រោះថ្នាក់មនុស្សទេ៕












ចែករំលែកព័តមាននេះ