ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​កាហ្វេ​ធន់​នឹង​អាកាសធាតុ​ចំនួន ៦​ពាន់​ដើម ត្រូវ​បាន​ផ្តល់​ជូន​ដល់​កសិករ​នៅ​ស្រុក​ពេ​ជ្រា​ដា

3 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ជំរុញ​ដល់​បងប្អូន​ប្រជា​កសិករ​រស់នៅ​មូលដ្ឋាន ឱ្យ​ផ្តោត​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម​កាហ្វេ ខណៈ​កំណើន​ការ​ទទួលទាន​កាហ្វេ​នា​ពេល​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា​លើ​ពី​ការ​ផ្គត់ផ្គង់ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី រួម​នឹង​អាជ្ញាធរ​ខេត្ត រៀបចំ​ពិធី​ចែក​កូន​កាហ្វេ​ដល់​កសិករ​ចំនួន​១០០​គ្រួសារ ក្រោម​ការ​សម្របសម្រួល​ដោយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។

ឯកឧត្តម ឈួ​ន វិ​ន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​ឯកឧត្តម គង់ គឹ​ម​នី អភិបាលខេត្ត​មណ្ឌលគិរី បាន​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទទួល​បាន​ពួ​ជ​កាហ្វេ​នា​ពេល​នេះ ត្រូវ​យកចិត្តទុកដាក់​ដាំ​ដុះ​ថែរក្សា​ឱ្យ​លូតលាស់​ល្អ​កើត​ចេញ​ជា​ផ្កា​ផ្លែ ជា​ពិសេស​ត្រូវ​កែ​ប្រៃ​ដី​ដែល​នៅ​សេសសល់​ដើម្បី​បង្កើន​ការ​ដាំ​ដុះ​កាហ្វេ​បន្ថែម ។

ឯកឧត្តម​ថ្នាក់ដឹកនាំ​មាន​ប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​ដំណាំ​កាហ្វេ​មានការ​ដាំ​ដុះ និង​មាន​ផ្ទៃដី​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​ជា​ដំណាំ​ដែឡ​មាន​សក្តានុពល ជា​យុ​ទ្ឋ​សាស្ត្រ​ក្នុង​ចំណោម​ដំណាំ​ផ្សេង​ៗ​ទៀត ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណូល និង​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ជា​ពិសេស​ជំរុញ​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​រវាង ក្រុម​សហគមន៍​កសិកម្ម ជាមួយ​និង​ក្រុមហ៊ុន​ឯកជន​ក្រុមហ៊ុន​អ្នក​ប្រមូល​ទិញ ក្នុង​គោលបំណង​ជំរុញ​ផលិតផល​កាហ្វេ​ឱ្យ​មាន​កំណើន​ទិន្នផល និង​ទីផ្សារ​ល្អ ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ ហើយ​ធានា​បាន​នូវ​គុណភាព សុវត្ថិភាព​ចំណីអាហារ ដើម្បី​ធានា​នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ត្រឹមត្រូវ​តាម​ស្តង់ដារ និង​និរន្តរភាព និង រក្សា​តម្លៃ​ទីផ្សារ​ផលិតផល​កាហ្វេ ។

យោង​តាម​របាយការណ៍​របស់​លោក​បណ្ឌិត សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥​កន្លង​ទៅ ទូ​ទាំង​ខេត្ត​មាន​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​សរុប ៦២៧​ហិ​កតា ហើយ​ផ្ទៃដី​ដែល​ប្រមូល​ផល​មាន​ចំនួន ៥១៥​ហិ​កតា សម្រាប់​ទិន្នផល​ជា​មធ្យម​ចំនួន ២.៤៧៥​តោន​ក្នុង​មួយ​ហិ​កតា ដែល​សរុប​បរិមាណ​ទទួលផល​បាន​ចំនួន ១ ២៧៥​តោន ៕