ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់​ ឆក់​ទូរស័ព្ទ​ពី​បុគ្គលិក​រោងចក្រ​បាន​សម្រេច​តែ​រត់​​មិន​​រួច

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ចោរ​ស្ទាវ​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​ផ្លូវ ហើយ​បាន​ប្រទះ​ឃើញ​បុរស​ជា​បុគ្គលិក​រោងចក្រ​ម្នាក់ កំពុង​ជិះ​ម៉ូតូ​បណ្ដើរ កាន់​ទូរស័ព្ទ​ម៉ាក​Iphone17promax ១​គ្រឿង​និយាយ​ឆាត​បណ្ដើរ ក៏​បាន​ឆក់យ​កបាន​សម្រេច ។ បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ពេល​នោះ​ម្ចាស់​ទូរស័ព្ទ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ផ្លូវ ។ ស្រប​ពេល​នោះ​មាន​បុរស​ម្នាក់​កំពុង​បើក​ម៉ូតូ​កង់​បី​តាម​ផ្លូវ​នោះ​ដែរ ក៏​ជួយ​ដេញ​តាម​បំ​បុក​ម៉ូតូ​ចោរ​បណ្ដាល​ឲ្យ​ទើប​ចាប់​បាន​ម្នាក់ ហើយ​ម្នាក់​ទៀត​រត់ឡើង​លើដំបូល​ផ្ទះ​អ្នក​ភូមិ ក៏​ត្រូវ​នគរបាល​និង​ប្រជាពលរដ្ឋ​ចាប់​បាន​ទៀត ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​តាម​ផ្លូវ​បេ​តុ កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រ​លាន​យ​ន្ហោះ​ចាស់​) ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទី​១.​ឈ្មោះ​សុត បញ្ញា ហៅ​អា​ញ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង និង​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ទី​២.​ឈ្មោះ​ចាន់ សត្យា ហៅ​អា​ក្យា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រគៀត ឃុំរ​ការ ស្រុក​ពារាំង ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​71B ផ្លូវ​លេខ​110Z ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​យិ​ន ប៊ុ​ន​ឡែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​រោងចក្រ​មាន​ទីលំនៅ​ផ្ទះ​លេខ​៦៩៤AI ផ្លូវ​លេខ​៧១ ភូមិ​៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​បុគ្គលិក​រោងចក្រ​ខាងលើ​នោះ បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពាក់​ស្លាក​លេខ​ភ្នំពេញ 1GR-3815 ចេញពី​រោងចក្រ​មួយ​កន្លែង ដោយ​ជិះ​បណ្ដើរ និង​កាន់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​Iphone17promax និយាយ​ឆាត​បណ្ដើរ ។ ពេល​នោះ​ចោរ​ស្ទាវ​ទាំង​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៍​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1MS-5794 ដេញ​តាម​ពីក្រោយ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ទន្ទឹម ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​នោះ​ពី​ដៃ​បុគ្គលិក​រោងចក្រ​ខាងលើ​បាន​សម្រេច រួច​នាំ​គ្នា​ជិះ​គេចខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ដេញ​តាម និង​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ។ ស្រប​ពេល​នោះ ក៏​មាន​បុរស​ម្នាក់​កំពុង​បើកបរ​ម៉ូតូ​កង់​បី​១​គ្រឿង​នៅ​តាម​ផ្លូវ​នោះ​ដែរ បាន​ជួយ​ដេញ​តាម ហើយ​បាន​ចម្ងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ ដល់​ត្រង់​ចំ​ណុ​ខ​មុខ​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទើប​ដេញ​តាម​ទាន់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ភ្លាម​ៗ​នោះ​បុរស​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏​សម្រេចចិត្ត​បើក​បំ​បុក​ម៉ូតូ​លោក​ចោរ​ស្ទាវ បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ឡើង​ទៅ​លើដំបូល​ផ្ទះ​អ្នក​ភូមិ ។ ខណៈនោះ​ក​ម្លាំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ រួម​ជាមួយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដេញ​តាម​ឃាត់​បាន ព្រមទាំង​ដកហូត​យក​បាន​ទូរស័ព្ទ​នោះ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ ។

បន្ទាប់​មក​នគរបាល​បាន​បាំ​ខ្លួន​ចោរ​ទាំង​នាក់​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ហើយ​ចោរ​ស្ទាវ​២​នាក់​នោះ ក៏​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ខាងលើ​នោះ​មែន ៕