ប្រទេសវៀតណាម៖ កងការពារព្រំដែនខេត្តក្វាងទ្រី ភាគកណ្តាលប្រទេសវៀតណាម បានចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសសារធាតុផ្ទុះជាង ២១០គីឡូក្រាម ក្នុងប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនសារធាតុផ្ទុះដោយខុសច្បាប់ពីប្រទេសឡាវចូលវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី៨ ខែសីហានេះ។
ក្នុងដំណាក់កាលទី២ នៃការស៊ើបអង្កេត អាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Nguyen Duy Khanh អាយុ៤៦ឆ្នាំ នៅតំបន់ព្រំដែននៃឃុំ ជឹងសុន និងរកឃើញសារធាតុផ្ទុះចំនួន ៦៨គីឡូក្រាម។
ក្រោយការសាកសួរ អាជ្ញាធរបានរឹបអូសបន្ថែមនូវសារធាតុផ្ទុះ ៦៧គីឡូក្រាម គ្រឿងផ្ទុះផលិតដោយខ្លួនឯង និងឧបករណ៍បំផ្ទុះមួយចំនួន។
កាលពីថ្ងៃទី២៣ ខែកក្កដា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ Ho Van Ngoc Truong នៅឃុំ ខែសាញ់ និងរឹបអូសសារធាតុផ្ទុះបាន ៧៤គីឡូក្រាម។
សរុបក្នុងប្រតិបត្តិការនេះ អាជ្ញាធរវៀតណាមបានចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសសារធាតុផ្ទុះ និងវត្ថុពាក់ព័ន្ធសរុប ជាង ២១០គីឡូក្រាម។ ករណីនេះកំពុងបន្តនីតិវិធីស៊ើបអង្កេតតាមច្បាប់៕
ចែករំលែកព័តមាននេះ