ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ ឬតែបៃតង? មួយណាល្អជាងសម្រាប់ថ្លើម ការសិក្សាបង្ហាញថា “កាហ្វេ” អាចមានអត្ថប្រយោជន៍លេចធ្លោជាង

1 ខែ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេ និងតែបៃតង សុទ្ធតែមានសារធាតុដែលអាចជួយគាំទ្រសុខភាពថ្លើម ប៉ុន្តែការសិក្សាមួយចំនួនបង្ហាញថា កាហ្វេអាចមានអត្ថប្រយោជន៍ទូលំទូលាយជាង ក្នុងការកាត់បន្ថយហានិភ័យជំងឺថ្លើមមួយចំនួន។

ការសិក្សាដែលចេញផ្សាយក្នុងឆ្នាំ ២០២២ បានរកឃើញថា ការផឹកកាហ្វេជាប់ទាក់ទងនឹងការថយចុះហានិភ័យបញ្ហាថ្លើម ដូចជា ការឡើងរឹងនៃថ្លើម ជំងឺក្រិនថ្លើម និងមហារីកថ្លើមប្រភេទ Hepatocellular Carcinoma។

ការសិក្សាមួយផ្សេងទៀតក៏បានបង្ហាញថា កាហ្វេប្រភេទផ្សេងៗ ដូចជា កាហ្វេគ្មានកាហ្វេអ៊ីន កាហ្វេភ្លាមៗ និងកាហ្វេកិន សុទ្ធតែអាចមានទំនាក់ទំនងជាមួយការថយចុះហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ។ ក្នុងចំណោមនោះ កាហ្វេកិនត្រូវបានរកឃើញថាអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ជាងប្រភេទផ្សេងៗ។

ចំណែក ​តែបៃតង​ ក៏មានអត្ថប្រយោជន៍ចំពោះថ្លើមផងដែរ។ ការសិក្សាមួយចំនួនបានរកឃើញថា ការផឹកតែបៃតងអាចជាប់ទាក់ទងនឹងការថយចុះហានិភ័យជំងឺក្រិនថ្លើម និងជំងឺថ្លើមរ៉ាំរ៉ៃ ប៉ុន្តែភស្តុតាងអំពីការកាត់បន្ថយការឡើងរឹងនៃថ្លើមនៅមិនទាន់ច្បាស់ដូចកាហ្វេ។

ទោះជាយ៉ាងណា អត្ថប្រយោជន៍ទាំងនេះមិនមានន័យថា គួរផឹកកាហ្វេ ឬតែបៃតងក្នុងបរិមាណច្រើននោះទេ។ គួរជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករតិច និងជៀសវាងការបន្ថែមក្រែម ឬសារធាតុផ្អែមច្រើន ព្រោះការទទួលទានជាតិស្ករខ្ពស់អាចប៉ះពាល់ដល់ការគ្រប់គ្រងទម្ងន់ និងសុខភាពថ្លើម។

សរុបមក ​កាហ្វេ និងតែបៃតងសុទ្ធតែអាចជួយគាំទ្រសុខភាពថ្លើម​ ប៉ុន្តែកាហ្វេមានភស្តុតាងគាំទ្រច្រើនជាងក្នុងការកាត់បន្ថយហានិភ័យជំងឺថ្លើមមួយចំនួន។ អ្វីដែលសំខាន់ជាងគេ គឺទទួលទានក្នុងបរិមាណសមរម្យ រួមជាមួយរបបអាហារមានតុល្យភាព ការហាត់ប្រាណ និងការរស់នៅដែលមានសុខភាពល្អ៕