ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ប្រកាស​ទទួលស្គាល់​សមាស ភាព​គណៈកម្មាធិការ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ស្នាក់​ការ​ខេត្ត

4 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ទទួល ស្គាល់​ប្រធានកិត្តិយស ប្រធាន និង​សមាសភាព​គណៈកម្មាធិការ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី ព្រមទាំង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ស្នាក់​ការ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី​។

​ដោយនៅ​ក្នុង​ឱកាស​នោះ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល បាន​ប្រកាស​ទទួលស្គាល់ ឯកឧត្តម ថង សា​វុន ជា​ប្រធានកិត្តិយស និង ឯកឧត្តម គង់ គឹ​ម​នី ជា​ប្រធាន​គណៈកម្មាធិការ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ថ្លែង​ក្នុង​អង្គពិធី ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី ព្រមទាំង​បាន​ផ្តល់​នូវ​អនុសាសន៍ និង​ការ​ណែនាំ​សំខាន់​ៗ​ដល់​សមាជិក សមាជិកា ទាំងអស់​ឱ្យ​បន្ត​ពង្រឹងស្មារតី​សាមគ្គីភាព ពង្រីក​កម្លាំង​យុវជន​ដោយ​មិន​ប្រកាន់​និន្នាការ ខិតខំ​បណ្តុះបណ្តាល​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ឱ្យទាន់​យុគសម័យ​ឌី​ជី​ថ​ល ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម មនុស្សធម៌ បរិស្ថាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​រួម​គ្នា​ក្រសោប​ថែរក្សា​សុខ​សន្តិភាព និង​សមិទ្ធផល​សង្គម​ជាតិ​។

ឯកឧត្តម​បន្ត​ថា ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​បំផុស​ចលនា​ការងារ​ស្ម័គ្រចិត្ត ការ​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការ​ថែរក្សា​អនាម័យ​បរិស្ថាន ដើម្បី​លើកកម្ពស់​មុខមាត់ និង​សក្តានុពល​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​។​ត្រូវ​រួម​គ្នា​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព អធិប តេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​ទ​ង្វើ ឬ​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​សុខ​សន្តិភាព និង​សេចក្តីសុខ​សាន្ត​របស់​ប្រជាជាតិ​។

ឯកឧត្តម គង់ គឹ​ម​នី ប្រធាន​គណៈកម្មាធិការ ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ទូ​ទាំង​ខេត្ត សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

ឯកឧត្តម​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ជំរុញ និង​គាំទ្រ​យុវជន​ក្នុង​ការ​បណ្តុះបណ្តាល​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ មុខរបរ និង​បំ​ណិ​ន​ជីវិត ដើម្បី​ឱ្យ​យុវជន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​ក្នុង​យុគសម័យ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​។ ក្នុង​ការ​រក្សា​សន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​សុខ​សន្តិភាព​។

ជំនួស​មុខ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តមណ្ឌលគិរី ទាំងអស់ មាននូវ​ជំនឿ​ចិត្ត និង​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ប្រែក្លាយ​រាល់​អនុសាសន៍ និង​ផែនការ​សកម្មភាព​ទាំងនេះ​ឱ្យទៅ​ជា​សមិទ្ធផល​ជាក់ស្តែង ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​តទៅ​មុខ​ ៕