ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​រុករក​រ៉ែ​មាស​អនាធិបតេយ្យ​ក្នុង​ដែនជម្រកសត្វព្រៃ ឃាត់​​ជនសង្ស័យ៤​នាក់ និង​ដកហូតសម្ភារ​បទល្មើស​ជា​ច្រើន​

4 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយ​ទទួល​បានការ​ណែនាំ និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម គង់ គឹ​ម​នី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ក្នុង​ការ​រឹត​បន្តឹង​ច្បាប់ និង​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នោះ នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦ កម្លាំង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត រួម​មាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សរុប​ចំនួន ១២​នាក់ បាន​ចុះ​បេសកកម្ម​ល្បាត និង​បើក​ប្រតិបត្តិការ​ទប់ស្កាត់ ព្រមទាំង​បង្ក្រាប​សកម្មភាព​រុករក​រ៉ែ​អនាធិបតេយ្យ​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ភ្នំរ​ហាវ និង​អូរ​តា​ភួង ដែល​មាន​និយាម​កា (៦៨៣៨៣៤, ១៣៩០០៧៣) ស្ថិត​ក្នុងភូមិ​ខ្ទង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ។

ជា​លទ្ធផល នៃ​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​សម្រេច​បាន​នូវ​លទ្ធផល​សំខាន់​ៗ​ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៤​នាក់ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ដោយ​ខុសច្បាប់ និង​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួង ឬ​ស្ថាប័ន​ជំនាញ​ឡើយ​ ។

ប្រភព​បន្ត​ថា បច្ចុប្បន្ន មន្ត្រី​ជំនាញ​បាន​និង​កំពុង​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី ចាត់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង ០៤​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ ចំណែក​វត្ថុ​តាង និង​សម្ភារ​បទល្មើស​ដែល​ត្រូវ​ដកហូត​បាន ម៉ូតូ ចំនួន ០៣​គ្រឿង ប្រេងសាំង ប្រមាណ ៤០​លី​ត្រ ម៉ាស៊ីន​សាំង​បូមទឹក ចំនួន ០៩​គ្រឿង ចបកាប់ ចំនួន ០១​ផ្លែ កាំបិត ចំនួន ០៤​ផ្លែ ដែក​ត្បែង ចំនួន ០១​ផ្លែ​។​ចំពោះ​វត្ថុ​តាង​ដែល​បាន​ដកហូត​ទាំងអស់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រមូល​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ទីស្នាក់ការ​បរិស្ថាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ។

លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា មន្ទីរ​នឹង​បន្ត​បង្កើន​ការ​ល្បាត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឱ្យ​កាន់តែ​ម៉ឺងម៉ាត់​បំផុត ដោយ​មិន​លើកលែង​ឲ្យ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ និង​រ៉ែ​អនាធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​នោះ​ឡើយ ដើម្បី​ធានា​បាន​នូវ​ការ​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​ ៕