ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន តំណាង​សហជីព និង​តំណាង​អង្គការ OXFAM ទស្សនៈកិច្ច​​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ដើម្បី​ស្វែង​យល់​ពី​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​របស់​បងប្អូន​អតីត​ពលករ

4 ថ្ងៃ មុន

ខេត្តបាត់ដំបង​ ៖ អ្នក​សារព័ត៌មាន​មក​ពី​បណ្តា​ស្ថាប័ន​ព័ត៌មាន​ជាតិ តំណាង​សហជីព និង​តំណាង​អង្គការ OXFAM នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែសីហា ឆ្នាំ ២០២៦​នេះ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង (BIT) ដើម្បី​ស្វែង​យល់​ដោយ​ផ្ទាល់​អំពី​វិធានការ និង​កម្មវិធី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​ជួយ​គាំទ្រ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យ​អាច​បន្ត​អាជីព និង​រស់នៅ​ក្នុង​ប្រទេស​ដោយ​មាន​ការងារ​សមរម្យ និង​ចំណូល​ប្រកបដោយ​ស្ថិរភាព​។

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​ជាក់ស្តែង និង​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ផ្តល់​សេវា​គាំទ្រ​ដល់​បងប្អូន​អតីត​ពលករ រួម​មាន ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) ការ​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម ការ​ប្រឹក្សា​ការងារ ការ​ភ្ជាប់​ទៅ​កាន់​ឱកាស​ការងារ​ក្នុងស្រុក និង​ការ​គាំទ្រ​ឱ្យ​ពួក​គេ​អាច​ចាប់ផ្តើម​មុខរបរ ឬ​អាជីវកម្ម​ដោយ​ខ្លួនឯង​។

ក្នុង​ឱកាស​នោះ អ្នកចូលរួម​បាន​ទស្សនា​ពី​ដំណើរការ​នៃ​ការ​វាយតម្លៃ​សមត្ថភាព​ជាក់ស្តែង ការ​បណ្តុះបណ្តាល​ជំនាញ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អតីត​ពលករ ដោយ​បាន​ចែករំលែក​បទ​ពិសោធន៍​ពី​ការ​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល រហូត​អាច​ស្វែងរក​ការងារ​ថ្មី ឬ​បង្កើន​ប្រាក់​ចំណូល​ដោយ​ប្រើប្រាស់​ជំនាញ​ដែល​ខ្លួន​មាន​។

ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា​៖ «​បងប្អូន​អតីត​ពលករ​ខ្មែរ មិនមែន​ចាប់ផ្តើម​ពី​សូន្យ​នោះ​ទេ ពួក​គាត់​បាន​នាំ​យក​បទ​ពិសោធន៍ និង​ជំនាញ​ដែល​មាន​តម្លៃ​ត្រឡប់​មក​កម្ពុជា​វិញ ចំណែកឯ​ភារកិច្ច​របស់​រាជរដ្ឋាភិបាល គឺ​ផ្តល់​នូវ​ការ​ទទួលស្គាល់​ជំនាញ​ទាំងនោះ បន្ថែម​សមត្ថភាព ភ្ជាប់​ទៅ​កាន់​ការងារ ដែល​អាច​ជួយ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​កាន់តែ​ប្រសើរ​»​។

ឯកឧត្តម​បាន​បន្ថែម​ថា ការ​ចូលរួម​របស់​អ្នក​សារព័ត៌មាន តំណាង​សហជីព និង​តំណាង​អង្គការ OXFAM ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​ឱ្យ​ដៃគូ​ទាំងអស់​បានឃើញ​ដោយ​ផ្ទាល់​ពី​លទ្ធផល​នៃ​គោលនយោបាយ និង​កម្មវិធី​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គាំទ្រ​បងប្អូន​អតីត​ពលករ​ខ្មែរ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ទៅ​កាន់​សាធារណជន​។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ចសហការ​ដ៏​រឹង​មាំ​រវាង​រាជរដ្ឋាភិបាល សហជីព អង្គការ OXFAM និង​ដៃគូ​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ ការ​បង្កើត​ការងារ​សមរម្យ និង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ស្រប​តាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ផង​ដែរ​ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង បាន​រៀបចំ​ការ​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរលើ​ជំនាញ​ចំនួន ៨ ដូច​ជា ការងារ​កំបោរ​, ការងារ​ការ៉ូ​, ការ​ដំឡើង​ពុម្ព​, ការ​ដំឡើង​បណ្តាញ​បំពង់​ទឹក​, ការងារ​រន្ទា​, ការ​ដំឡើង​សរសៃដែក​, ការ​ផ្សារ​អគ្គិសនី និង​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ដោយ​ក្នុង​នោះ​មាន​បេក្ខជន​ចូល​ធ្វើតេស្ត​ចំនួន ៤៧២​រូប បេក្ខជន​ចំនួន ៤៧០​រូប​ទទួល​បាន​វិញ្ញាបនបត្រ​គុណវុឌ្ឍិ​ជំនាញ និង​បេក្ខជន ២​រូប​ទទួល​បាន​លិខិតបញ្ជាក់​ក្រេ​ឌី​ត​៕ អត្ថបទសហការ